​មន្ត្រី​នគរបាល​​៣រូប​​ទៀត​ត្រូវ​​បាន​​បណ្តេញ​​ចេញ​​ពី​​ក្របខណ្ឌ​​នគរបាល​ជាតិ​​​ដោយសារ​​ល្មើស​​វិន័យ​​

ក្រសួង​​មហាផ្ទៃ​​ សម្រេច​​បណ្តេញ​​មន្ត្រី​​នគរបាល​​ជាតិ​​ចំនួន​ ​៣​​រូប​ ​​ពី​​ក្រប​​ខ័ណ្ឌ​​​ នគរបាល​​ជាតិ​ ដោយ​​សារ​​ល្មើស​​វិន័យ​​របស់​​កងកម្លាំង​​នគរបាល​​ជាតិ​។​

មន្ត្រី​​នគរបាល​​ជាតិ​ ​​៣រូប​​ទៀត​​ ត្រូវ​​បាន​​ក្រសួង​​មហាផ្ទៃ​ ​ចេញ​​ប្រកាស​​ ដោយ​​សម្រេច​​ដក​​ហូត​​មុខ​​តំណែង​​ ឋានន្តរស័ក្តិ​ ​និង​​បណ្តេញ​​ចេញ​​ពី​​ក្របខ័ណ្ឌ​​មន្ត្រី​​នគរបាល​​ជាតិ​​ ដោយ​​​មូល​​ហេតុ​​ល្មើស​​វិន័យ​​របស់​​កងកម្លាំង​​នគរបាល​​ជាតិ​​ នេះ​បើ​​យោង​​តាម​​សេចក្តី​​រាយការណ៍​​របស់​​បណ្តាញ​​ព័ត៌មាន​​ក្នុង​​ស្រុក​មួយ​​ចំនួន​​​កាល​​ពី​​ថ្ងៃ​ព្រ​​ហស្ប​តិ៍​​​។​

យោង​​តាម​​ប្រកាស​​របស់​​ក្រសួង​​មហាផ្ទៃ​ចុះ​កាល​​បរិច្ឆេទ​​ថ្ងៃ​​ទី​​០៤​ ខែ​​មករា​​ ឆ្នាំ​​២០២៤​ និង​​មាន​​ចុះហត្ថលេខា​​ដោយ​​លោក​ ស​ សុខា​ រដ្ឋ​​មន្ត្រី​ក្រសួង​​មហាផ្ទៃ​ បាន​​ឱ្យ​​​ដឹង​​ថា​ ​​លោកស្រី​វរសេនីយ៍ត្រី​ អ៊ុំ​ ចន្ទ្រា​ នាយរង​កា​​រិយា​ល័យ​រដ្ឋ​​បាល​-សរុប​ ​នៃ​អង្គភាព​​កីឡា​នគរបាល​​ជាតិ​​កម្ពុជា​ និង​​​លោក​​អនុសេនីយ៍​​ឯក​​ រ័ត្ន​​ បរិញ្ញា​ ជា​​មន្ត្រី​​ ត្រូវ​​បាន​​ដក​​ហូត​​មុខ​​តំណែង​​ ឋានន្តរស័ក្តិ​​ និង​​បណ្តេញ​​ចេញ​​ពី​ក្របខណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​ ដោយ​​​សារ​​ល្មើស​​វិន័យ​​របស់​​កង​​កម្លាំង​​នគរបាល​​ជាតិ​​។​

ឯកសារ​ដដែល​បន្ថែម​ថា​ ប្រាក់បៀវត្ស​ និង​​របប​ឧប​ត្ថ​ម្ភ​ផ្សេង​ៗ​ត្រូវ​​បាន​​កាត់​​ផ្តាច់​​ និង​​​លុប​​ចេញ​​ពី​​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​​ជាតិ​​ចាប់ពី​ខែ​​មីនា​ ឆ្នាំ​​២០២៤​ ​តទៅ​។​

នៅក្នុង​​ប្រកាស​​ដាច់​​ដោយ​​ឡែក​​មួយ​​ទៀត​ ដែល​​ចុះ​​កាល​​បរិច្ឆេទ​​ដូច​​គ្នា​​ ក្រសួង​​មហាផ្ទៃ​ក៏បាន​​សម្រេច​​​អនុវត្ត​​វិន័យ​​ចំពោះ​​លោក​វរសេនីយ៍ត្រី​ ឈុន​ ស៊ី​ណា​ នាយ​​រង​​កា​រិយា​​ល័យ​​គ្រប់គ្រង​ទិន្នន័យ​​ស្ថិតិ​​ប្រជាពលរដ្ឋ​​ នៃ​នាយកដ្ឋាន​​ស្ថិតិ​​ប្រ​​ជា​​ពល​​រដ្ឋ​​ ចំណុះ​​អគ្គ​​នាយក​​ដ្ឋាន​​អត្តសញ្ញាណ​កម្ម​​ ដោយ​​ដក​​ហូត​​មុខ​​តំណែង​ ឋានន្តរស័ក្តិ​​ និង​​​បណ្តេញ​​ចេញ​​​ពី​​ក្របខ័ណ្ឌ​​នគរបាល​​ជាតិ​​ ដោយ​​​សារ​​ល្មើស​​វិន័យ​​របស់​​កងកម្លាំង​​នគរបាល​ជាតិ​​។​ ប្រកាស​​​ដដែល​​បញ្ជាក់​​ថា​ ប្រាក់​​បៀវត្ស​ និង​​របប​ឧបត្ថម្ភ​​ផ្សេង​ៗ​ត្រូវ​​បាន​​កាត់​​ផ្តាច់​​ និង​​លុប​​ចេញ​​ពី​ក្របខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​ចាប់​​ពី​​ខែ​​មេសា​ ឆ្នាំ​​២០២៤​​ តទៅ​។​​

កាលពី​សប្តាហ៍​​មុន​​ មន្ត្រី​​​នគរបាល​​​​សរុប​​ ​១៩រូប​​ ​ត្រូវ​​​បាន​​បន្ថយ​​ ដក​​​​ហូត​​​ ឋានន្តរ​​​ស័ក្តិ​​​ ដក​​​​ហូត​​​មុខ​​​តំណែង​​ និង​​​បណ្តេញ​​​ចេញ​​​ពី​​ក្របខ័ណ្ឌ​​​មន្ត្រី​​នគរបាល​​​ជាតិ​​​ជា​​បន្ត​​​បន្ទាប់​​​ ក្រោម​​​​ហេតុ​​​ផល​​​​ល្មើស​​​​វិន័យ​។​​​

ដោយឡែក​​កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​​២០២៣​ ក្រសួងមហាផ្ទៃ​​បានសម្រេច​បណ្ដេញ​មន្ត្រី​​នគរបាល​ជាតិ​ចំនួន​ ១១រូប​ នៃ​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ព្រៃវែង​ ពី​ក្រប​ខ័ណ្ឌ​មន្ដ្​រី​នគរបាល​ជាតិ​ ដោយ​មូលហេតុ​ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​ ពោល​គឺ​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ខណៈ​​ក្រសួង​​សម្រេច​​ផ្ទេរ​​ភារកិច្ច​​​មន្ត្រី​​នគរបាល​​ជាតិ​ ៥០រូប​​​ផ្សេងទៀត​​ ចេញពី​​​​​​​លេខាធិការ​​ដ្ឋាន​​ នៃ​​គណៈកម្មាធិការ​​ប្រយុទ្ធ​​ប្រឆាំង​​​ផលិតផល​​ក្លែងក្លាយ​​ទៅ​​​កាន់​​​បណ្តា​​នាយកដ្ឋាន​​​ និង​​អង្គភាព​​​ចំនួន​​​១០​​​ ចំណុះ​​ឱ្យ​​​​អគ្គស្នងការ​​ដ្ឋាន​​​នគរបាល​​​ជាតិ​​​វិញ​ បន្ទាប់ពី​​​ផ្ទុះ​​​រឿង​​​អាស្រូវ​​​​ទារ​​​ប្រាក់​ ​​១០ម៉ឺន​​​ដុល្លារ​​​ អំឡុង​​​ពេល​​​ចុះ​​​ឆែក​​​ឃ្លាំង​​​ស្រា​​​របស់​​​​ក្រុមហ៊ុន​​​ក្នុង​​​ស្រុក​​​មួយ​​ នេះ​​​បើ​​​យោង​​តាម​​​សេចក្តី​​​រាយការណ៍​​​របស់​​​​បណ្តាញ​​​ព័ត៌មាន​​ក្នុង​​ស្រុក​​ Fresh News ​​​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​