មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនម្នាក់នៅខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយសារល្មើសវិន័យកងកម្លាំង។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ប្រកាសដដែល បានបន្ថែមថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីខែមេសា ឆ្នាំ២០២៤។
គិតចាប់ពីចុងខែធ្នូរហូតមកដល់ពេលនេះ មានមន្ត្រីនគរបាលប្រមាណ ៣០រូប ត្រូវបានបន្ថយ ដកហូតឋានន្តរស័ក្តិ ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ខណៈមន្ត្រី ៥០រូបផ្សេងទៀត ត្រូវបានផ្ទេរភារកិច្ចពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទៅកាន់នាយកដ្ឋានឬអង្គភាពផ្សេង ក្រោមហេតុផលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕