មេធាវីបីរូបតំណាងឲ្យរដ្ឋាភិបាលក្នុងសំណុំរឿងប្រឆាំងនឹងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានដំឡើងឋានៈស្មើរដ្ឋលេខាធិការ។
យោងតាមព្រះរាជក្រឹត្យដែលចុះកាលបរិច្ឆេទថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងសៀវភៅរាជកិច្ចលេខ៧៧ និងចេញផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានៈសមាជិកមេធាវីរដ្ឋាភិបាល ៥រូប រួមមានមេធាវី វិច សុវាចា, អេន សុភាព, គួន សារឿន, ចេង ប៉េងហាប់ និងមេធាវី សាន់ ជួយ មានឋានៈស្មើរដ្ឋលេខាធិការ។
នៅក្នុងព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀតដែលចុះកាលបរិច្ឆេទដូចគ្នាបង្ហាញថា មេធាវី ៤រូបផ្សេងទៀត រួមមាន មេធាវី ម៉ម ចាន់ណែត, ផូ សុធាផល, អ៊ឹង កិរិយា និងមេធាវី ស៊ុន សំណាង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាសមាជិកមេធាវីរាជរដ្ឋាភិបាល មានឋានៈស្មើអនុរដ្ឋលេខាធិការ។
កន្លងមក លោក គួន សារឿន គឺជាមេធាវីមួយរូបតំណាងឱ្យរដ្ឋាភិបាលនៅក្នុងសំណុំរឿង “ឧបឃាត” របស់អតីតមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៩រូប ដែលតាមចោទថា បានអំពាវនាវឱ្យទាហាន និងសាធារណជនក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាល អំឡុងឆ្នាំ២០១៩។
ចំណែកលោកមេធាវី ចេង ប៉េងហាប់ និងមេធាវី សាន់ ជួយ គឺជាមេធាវី២រូបនៅក្នុងចំណោមមេធាវី ៤រូប តំណាងឱ្យរដ្ឋាភិបាលនៅក្នុងសំណុំរឿង“សន្និដ្ឋិភាពជាមួយបរទេស” របស់លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ និងហាមឃាត់មិនឲ្យធ្វើនយោបាយអស់មួយជីវិត។ សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា នៅថ្ងៃទី៣០ ខែមករាខាងមុខនេះ៕