រដ្ឋាភិបាលកាត់ឆ្វៀលដីទំហំជិត ៥០០ហិកតា នៅខេត្តព្រះសីហនុ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជូនក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយរបស់កូរ៉េ។
យោងតាមអនុក្រឹត្យលេខ១៥០ អនក្រ.បក ចុះកាលបរិច្ឆេទថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងសៀវភៅរាជកិច្ចលេខ៧០ និងត្រូវបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៤៨៦ ហិកតា ៨៦អា ស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២។
អនុក្រឹត្យដដែល បញ្ជាក់ថា ផ្ទៃដីទំហំជិត ៥០០ហិកតានេះ នឹងត្រូវធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិជូនក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូអិលធីឌី ( BOOYOUNG KHMER II CO.,Ltd) ។
ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូអិលធីឌី គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP របស់សាធារណរដ្ឋកូរ៉េ ហើយក្រុមហ៊ុននេះ បានមកវិនិយោគនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៧មក លើវិស័យមួយចំនួនដូចជា ផ្នែកអចលនទ្រព្យ ខុនដូ បូរី សណ្ឋាគារ សេវាទូរគមនាគមន៍ សាលារៀន សាកលវិទ្យាល័យ និងធនាគារជាដើម។
កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ II ខូអិលធីឌី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដោយបានសន្យាផ្តល់រថយន្តក្រុងប្រភេទថ្មីចំនួន ១០០០គ្រឿង ជូនរាជរដ្ឋាភិបាលកម្ពុជា៕