រដ្ឋា​ភិ​បា​លប​ញ្ចាប់​មុខតំណែង​អភិបាលក្រុង​កែប​ ដោយសារ​ប្រព្រឹត្ត​អំពើ​​ប៉ះពាល់​​ប្រយោជន៍​រដ្ឋ​ ​និង​​ពលរដ្ឋ​​

រដ្ឋាភិបាល​​បាន​ចេញ​អនុក្រឹត្យ​​​​បញ្ចប់​មុខ​​​តំណែង​លោក​ ខេង​ យ័ន​ ពី​​អភិបាលក្រុង​កែប​ នៃ​ខេត្ត​កែប​ ដោយ​​សារ​​តែ​ប្រើប្រាស់​អំណាច​ នៃ​តួនាទី​របស់​ខ្លួន​​ប្រព្រឹត្ត​អំពើ​ដែល​នាំ​​ឲ្យ​​​ប៉ះពាល់​​ប្រយោជន៍​​រដ្ឋ​​និង​​ប្រយោជន៍​​របស់​ប្រជា​​ពល​​រដ្ឋ​​។​ 

យោង​​តាម​​អនុក្រឹត្យ​​ចុះ​កាល​​បរិច្ឆេទ​​ថ្ងៃទី១២​ ខែមករា​ ឆ្នាំ​​២០២៤​​ និង​​មាន​​ចុះហត្ថលេខា​ដោយ​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ រដ្ឋាភិបាល​ ​បាន​​សម្រេច​​បញ្ចប់​​មុខតំណែង​​លោក​ ខេង​ យ័ន​ ឋានន្តរស័ក្តិ​​វរមន្ត្រី​ ថ្នាក់​​លេខ​​២​ ពីអ​ភិបាល​​ នៃ​​គណៈ​​អភិបាល​​ក្រុងកែប​ នៃ​ខេត្ត​​កែប​​។​​ អនុក្រឹត្យ​​នេះ​ ​មិន​​បាន​​បញ្ជាក់​​ពី​មូលហេតុ​​នៃ​ការ​​បញ្ចប់​​មុខ​​ តំណែង​​នេះ​ទេ​​។​​

ប៉ុន្តែ​​បើ​តាម​​ខ្លឹម​​សារ​​នៅ​លើ​​ទំព័រ​​ហ្វេ​សប៊ុ​ក​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​​ថ្ងៃទី​​១២​ ខែ​​មករា​​ បាន​​​បញ្ជាក់​​ថា​ ការ​​បញ្ចប់​​មុខតំណែង​​របស់​​អភិបាល​​ក្រុង​​កែប​​រូប​​នេះ​​ គឺ​​ជា​​​ការ​​ចាំ​​បាច់​​ និង​​ជា​​ការ​​អនុវត្ត​អភិក្រម​​ទី​​៥​ គឺ​​ ”ការវះកាត់​​” ដោយ​​សារ​តែ​​អភិបាល​​ក្រុង​​កែប​​រូប​​នេះ​ បាន​​ប្រើ​​ប្រាស់​​ អំណាច​ នៃ​តួនាទី​​របស់​​ខ្លួន​​ប្រព្រឹត្ត​អំពើ​​ដែល​​ប៉ះពាល់​​ដល់​​ប្រយោជន៍​រដ្ឋ​​ និង​​​ផលប្រយោជន៍​​របស់​​ប្រជា​​ពល​​រដ្ឋ​​ជា​​ច្រើន​​។​​​

លោក​បាន​​សរសេរ​​​ថា​៖​ «ការសម្រេច​ចិត្ត​នេះ​ គឺ​ផ្អែក​ទៅលើ​មូលដ្ឋាន​ច្បាស់លាស់​ នៃ​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​»។​ 

គួរ​​រំលឹក​​ថា​ ការសម្រេច​​បញ្ចប់​​មុខ​​តំណែង​​នេះ​​ កើត​​មាន​​រយៈ​​ពេល​​១០ថ្ងៃ​ ក្រោយ​​ពី​មាន​​សេចក្តី​​រាយ​​ការណ៍​​របស់​​ប​ណ្តាញ​​ព័ត៌មាន​​ក្នុង​​ស្រុក​​​មួយ​​ចំនួន​កាល​​ពី​​ដើម​​ខែ​​មករា​​​អំពី​​ការ​​ឃាត់​​ខ្លួន​​លោក​ ខេង​ យ័ន​ និង​​​នាយក​រដ្ឋបាល​​សាលាក្រុង​កែប​មួយ​រូប​​ទៀត​ ដោយ​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ ដែល​តាម​​ចោទ​ថា​ បាន​​ប្រព្រឹត្​យ​​អំពើ​​ពុក​​រលួយ​។​​

យោង​តាម​​​សេចក្តី​​រាយការណ៍​​របស់​​វិទ្យុ​អាស៊ី​សេរី​​ កាលពី​ថ្ងៃ​​ទី២​ ខែមករា​ លោក​អភិបាលក្រុង​កែប​រូប​នេះ​ និង​នាយក​រដ្ឋបាល​ក្រុងកែប​ លោក​ អ៊ិ​ន​ ហ៊ុន​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ ឃាត់ខ្លួន​បន្ទាប់ពី​ចេញ​ប្រជុំ​ និង​​ដោះលែង​វិញ​នៅ​ថ្ងៃ​ដដែល​ ដោយ​អភិបាលរងខេត្ត​កែប​ លោក​ ប៊ុ​ន​ យោង​ បាន​ប្រាប់​​សារព័ត៌មាន​​​ក្នុង​ស្រុក​ថា​ ការ​ឃាត់​​ខ្លួន​​នេះ​ គី​ជា​ការភាន់ច្រឡំ​៕​​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​