រដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាម ជាការដឹងគុណ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ឱ្យយល់ច្បាស់ពី “គុណតម្លៃ នៃសុខសន្តិភាព”។
យោងតាមអនុក្រឹត្យ ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនៅកម្ពុជា ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមអនុក្រឹត្យលេខ ០១ អនក្រ.បក ដែលចុះកាលបរិច្ឆេទថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព និងស្អប់ខ្ពើមសង្គ្រាម ជាការរំលឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
លើសពីនេះទៅទៀត ទិវានេះ ត្រូវបានបង្កើតឡើង ដើម្បីជាការរំលឹកដឹងគុណ និងចងចាំនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរបុរសស្នេហាជាតិ ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ចងចាំអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា និងជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃ នៃសុខសន្តិភាព” នៅកម្ពុជា។
ឯកសារដដែលនេះក៏បានបញ្ជាក់ផងដែរថា ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ និងណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជនចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យយល់អំពីគុណតម្លៃ នៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស។
គួររំលឹកថា រដ្ឋាភិបាលកាលពីឆ្នាំ២០១៩ បានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកសាធារណៈពី ២៨ថ្ងៃ មកនៅត្រឹម ២២ថ្ងៃវិញ ដោយកាត់បន្ថយថ្ងៃឈប់សម្រាកមួយចំនួនរួមមាន ថ្ងៃបុណ្យមាឃបូជា ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាជាតិនៃការចងចាំ ២០ឧសភា ទិវារំលឹកខួប នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។ ជាមួយគ្នានោះដែរ រដ្ឋាភិបាលក៏បានកាត់បន្ថយព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរពី ៣ថ្ងៃមកនៅសល់ត្រឹមមួយថ្ងៃវិញ ប៉ុន្តែបានដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពី ០៣ថ្ងៃទៅ០៤ថ្ងៃវិញ៕