ឯកសារនិងសេចក្តីសម្រេចសំខាន់មួយចំនួនៗ ស្តីពីការផ្តល់សញ្ជាតិខ្មែរ ការដាក់ឱ្យចូលនិវត្តន៍ ការដំឡើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំដល់មន្ត្រីរាជការ ការជ្រើសរើស និងការកែប្រែដែនជម្រកសត្វព្រៃ ត្រូវបានរាប់បញ្ចូលនៅក្នុងសៀវភៅរាជកិច្ចលេខ៨០។
សៀវភៅរាជកិច្ចលេខ៨០ ដែលចេញផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញពីការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសសរុប១៦រូប ដែលក្នុងនោះមានជនជាតិចិន ១១នាក់ (១នាក់មានសញ្ជាតិកូស្តារីកា)។ នៅក្នុងចំណោមជនជាតិចិនទាំង១១នាក់នេះ មាន២នាក់ប្តូរឈ្មោះ។ ក្រៅពីនេះមានជនជាតិអាមេរិក ២នាក់ ទទួលបានសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ ជនជាតិឥណ្ឌូណេស៊ី ២នាក់ និងជនជាតិស្វីស១នាក់។
សៀវភៅរាជកិច្ចលេខ៨០នេះ ក៏និយាយផងដែរអំពីការដាក់ឲ្យមន្ត្រីរាជការ ១៣២រូប មកពីក្រសួង ស្ថាប័នសរុបចំនួន២៦ ចូលនិវត្តន៍ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់មួយចំនួន ដូចជា លោក ហោ មុន្នីរ័ត្ន ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ១ មកពីក្រសួងការបរទេស លោក ប៉ែន សុវិជាតិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើម្បីខ្សែពិសេស ថ្នាក់លេខ១ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វង់ សណ្តាប់ ឧត្តមមន្ត្រីថ្នាក់លេខ១ និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក មាស សុផល ឧត្តមមន្ត្រី ថ្នាក់លេខ១ និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
សៀវភៅរាជកិច្ចដដែលនេះ ក៏និយាយអំពីការដំឡើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំដល់មន្ត្រីរាជការចំនួន ៦០៦រូប ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ដែលពួកគាត់ទាំងនោះស្ថិតក្នុងឋានន្តរស័ក្តិវរមន្ត្រី នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ នៃក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម ដែលមកពីស្ថាប័នផ្សេងៗគ្នា ដូចជាក្រសួងបរិស្ថាន ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងរ៉ែ និងថាមពល និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
លើសពីនេះ នៅត្រង់ទំព័រ ១០១៦៣ នៃសៀវភៅរាជកិច្ចលេខ៨០នេះ បានបង្ហាញថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៩៦នាក់ សម្រាប់បំពេញក្របខ័ណ្ឌឱ្យបញ្ជាការដ្ឋានអង្គរក្ស។
ឯកសារដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀត គឺនិយាយអំពីការកែប្រែដែនជម្រកសត្វព្រៃចំនួន៤កន្លែង រួមមាន ដែនជម្រកសត្វព្រៃតាតៃ ពីផ្ទៃដីទំហំ ១៤៤ ២៧៥ ហិកតា មកផ្ទៃដីទំហំ ១៤៤ ៥៣៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ដែនជម្រកសត្វព្រៃបឹងពែរ ពីផ្ទៃដីទំហំ ២៤២ ៥០០ហិកតា មកផ្ទៃដីទំហំ ២៦៥ ៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែនជម្រកសត្វព្រៃសំបូរ ពីផ្ទៃដីទំហំ ៥០ ០៩៣ហិកតា មកផ្ទៃដីទំហំ៨២ ៥០៦ហិកតា ស្ថិតក្នុងខេត្តក្រចេះ និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ត្រូវបានកែប្រែពីផ្ទៃដីទំហំ ៤០២ ៥០០ហិកតា មកផ្ទៃដីទំហំ ៤២៨ ៩៧១ហិកតា។
ដោយឡែកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ក៏ត្រូវបានកែប្រែពីផ្ទៃដីទំហំ ៣៧ ៥០០ហិកតា មកផ្ទៃដីទំហំ ៦២ ៨៨៣ហិកតាផងដែរ។
ក្រៅពីនេះ សៀវភៅរាជកិច្ចលេខ៨០ ក៏មានឯកសារនិយាយអំពីការតែងតាំងមន្ត្រីរាជការ ការបញ្ចប់មុខតំណែង ការបំពាក់មេដាយប្រគេនព្រះសង្ឃ មន្ត្រីរាជការ និងសប្បុរសជនដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមកសាងសមិទ្ធផលនានា និងការអនុញ្ញាតបើកអាជីវកម្ម ដូចជាការបង្កើតរោងចក្រកាត់ដេរ រោងចក្រកែច្នៃ និងការបើកដំណើរការស្ថានីយប្រេងឥន្ធនៈជាដើម៕