សៀវភៅរាជកិច្ចលេខ៨២ បង្ហាញពីការផ្តល់គោរមងារជាឧកញ៉ា ការផ្តល់គ្រឿងឥស្សរិយយស ការផ្តល់សញ្ជាតិខ្មែរ ការដំឡើងឋានន្តរស័ក្តិ ការតែងតាំងមុខតំណែងដល់មន្ត្រីរាជការមួយចំនួន និងការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្ម។
សៀវភៅរាជកិច្ចលេខ៨២ ដែលចេញផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញដ៏ល្បីល្បាញនោះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាអ្នកឧកញ៉ា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ពុង ឃាវសែ គឺជាម្ចាស់ក្រុមហ៊ុន OCIC ដែលគ្រប់គ្រងគម្រោងសាងសង់ជាច្រើន រួមទាំងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងខេត្តកណ្តាលផងដែរ។
ចំណែកបុគ្គល ០៣រូបផ្សេងទៀត រួមមានឈ្មោះ លីម រ៉ុយ ចិន សុផាត និងវ៉ាន់ ឆារស៍ជួន ទទួលបានគោរមងារជាឧកញ៉ា។ ឧកញ៉ា ចិន សុផាត គឺជាម្ចាស់ហាងពេជ្រ CSNJ ហើយកន្លងមកលោកធ្លាប់ប្រកាសគាំទ្រទាំងស្រុងនូវបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
សៀវភៅរាជកិច្ចដដែល ក៏និយាយអំពីជនបរទេសមួយចំនួនទទួលបានសញ្ជាតិខ្មែរផងដែរ ដែលក្នុងនោះមានជនជាតិចិន២រូប និងជនជាតិភូមា១រូប ហើយអ្នកទាំង៣ បានប្តូរឈ្មោះ។
សៀវភៅរាជកិច្ចលេខ៨២នេះ បានបង្ហាញពីការផ្តល់អាជ្ញាបណ្ណអាជីវកម្មចំនួន៥ ដែលក្នុងនោះ មានអាជ្ញាបណ្ណបើកស្ថានីយប្រេងឥន្ធនៈចំនួន២ អាជ្ញាបណ្ណបង្កើតរោងចក្រចំនួន២ មានរោងចក្រផលិតកេសកាតុង និងរោងចក្រផលិតសម្ភារបរិក្ខាពេទ្យធ្មេញ ដែលរោងចក្រទាំង២នេះ មានថៅកែជាជនជាតិកូរ៉េ និងជនជាតិកូរ៉េ សញ្ជាតិកាណាដា។
អាជ្ញាបណ្ណមួយទៀត ត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន វ័ន ម៉រ មេនូហ្វេកឆឺរីង ឯ.ក (ONE MORE MANUFACTURING CO., LTD) ដែលតំណាងដោយលោកស្រី ជឹង សុគន្ធាវី ដើម្បីបង្កើតរោងចក្រផលិតមីកញ្ចប់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកស្រី ជឹង សុគន្ធាវី គឺជាកូនស្រីរបស់លោកស្រី ជឹង សុភាព អគ្គនាយកក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ដែលត្រូវបានគេស្គាល់ថា ជាយាយភូ។
ក្រៅពីនេះ សៀវភៅរាជកិច្ចលេខ៨២ មាននិយាយអំពីការតែងតាំង ដំឡើងឋានៈដល់មន្ត្រីរាជការមួយចំនួន និងការផ្តល់គ្រឿងឥស្សរិយយស និងការបំពាក់មេដាយស្ថាបនាជាតិដល់ព្រះសង្ឃ មន្ត្រីរាជការ និងសប្បុរសជនរាប់រយអង្គ/នាក់ចំពោះការលះបង់កម្លាំងកាយចិត្ត និងការបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធ គមនាគន៍ និងសមិទ្ធផលផ្សេងៗទៀត៕