រដ្ឋាភិបាលបានកំណត់តំបន់ប្រវត្តិសាស្រ្តយោធា នៅតំបន់ជាង៨០ ស្ថិតនៅយោធភូមិភាគទី៣ យោធភូមិភាគទី៤ យោធភូមិភាគទី៥ និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង ដែលតំបន់ទាំងនោះស្ថិតនៅក្នុងខេត្តចំនួន១២។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលស្តីពីការកំណត់តំបន់ប្រវត្តិសាស្ត្រយោធា នៅក្នុងសៀវភៅរាជកិច្ចលេខ៨៦ ក្នុងទំព័រលេខ ១០៨៨៣ ដែលចេញផ្សាយនៅលើគេហ ទំព័រទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបង្កើតតំបន់ប្រវត្តិសាស្ត្រដែលគេហៅថា “តំបន់មរតកប្រវត្តិសាស្ត្រតេជោ” នេះ ធ្វើឡើង ក្នុងគោលបំណងធានាភាពពិតប្រាកដនៃសច្ចភាពប្រវត្តិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រ និងលើកកម្ពស់គុណតម្លៃនៃនយោបាយឈ្នះឈ្នះ ពីកម្រិតជាតិទៅ អន្តរជាតិដែលក្លាយជាបេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោក។
អនុក្រឹត្យបន្តថា តំបន់ប្រវត្តិសាស្រ្តនេះ ក៏ធ្វើឡើងក្នុងគោលបំណងអភិរក្សទីតាំង តឹកតាងប្រវត្តិសាស្ត្រយោធាដែលជាមរតកនៃនយោបាយឈ្នះឈ្នះ ធានាលើកកម្ពស់ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ តំបន់ និងពិភពលោក ព្រមទាំងអភិរក្សទីតាំងដែលជាអតីតមជ្ឈមណ្ឌល អង្គការចាត់តាំងនយោបាយ យោធា មូលដ្ឋានប្រដាប់ អាវុធ និងទីតាំងអតីតសមរភូមិសម្រាប់អប់រំផ្សព្វផ្សាយដល់សាធារណជនជាតិ អន្តរជាតិ សិក្សាស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយឈ្នះឈ្នះ។ ក្រៅពីនោះ ក៏ទុក សម្រាប់អភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធា រួមបញ្ចូលទាំងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ, ការពារ និងថែរក្សាបរិស្ថានធម្មជាតិក្នុងតំបន់ប្រវត្តិ សាស្ត្រយោធា និងថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ និងពង្រឹងសមត្ថភាពកងទ័ពក្នុងវិស័យសិក្សាស្រាវជ្រាវអំពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
អនុក្រឹត្យរបស់រដ្ឋាភិបាល បានបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធានេះ មានទីតាំងស្ថិតនៅតំបន់យោធភូមិភាគទី៣ ស្ថិតក្នុងខេត្តកោះកុងចំនួន ១៥តំបន់, ខេត្តកំពង់ស្ពឺ ចំនួន៧តំបន់, ខេត្តតាកែវចំនួន ៥តំបន់, ខេត្តកំពតចំនួន ២តំបន់, ខេត្តកែបចំនួន ១តំបន់ និងខេត្តព្រះសីហនុ ចំនួន ១តំបន់ ខណៈតំបន់ប្រវត្តិសាស្ត្រយោធានៅយោធ ភូមិភាគទី៤ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ចំនួន ១៩តំបន់ និងខេត្តព្រះវិហារ ចំនួន ៨តំបន់។ ចំណែកតំបន់ប្រវត្តិសាស្ត្រយោធា នៅយោធភូមិភាគទី៥ ស្ថិតនៅក្នុងខេត្ត បន្ទាយមានជ័យ ចំនួន ៧តំបន់, ខេត្តបាត់ដំបង ចំនួន ១៤ទីតាំង, ខេត្តពោធិ៍សាត់ ចំនួន ៩តំបន់ និងខេត្តបៃលិន ចំនួន ២តំបន់ ខណៈតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានលើកឡើងថា ការចេញអនុក្រឹត្យស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា គឺអាចធ្វើ ទៅបាន ហើយលោកឯកភាពតាមសំណើរបស់លោក ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ចំពោះការចង់ឱ្យមានការសាង់សង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធា នៅតាមបណ្តាខេត្តផងដែរ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ។
ក្រៅពីនោះ លោកក៏បានអនុញ្ញាតឱ្យមានការសង់នូវសួនប្រវត្តិកាលនៃវិមានឈ្នះៗ នៅតាមខេត្តបាន ខណៈលោកយល់ថា វានឹងបម្រើឱ្យទីតាំងកម្សាន្តសប្បាយ និងជាតំបន់ហាត់ប្រាណរបស់ប្រជាពលរដ្ឋផងដែរ៕