រដ្ឋាភិបាលបានធ្វើអនុបយោគផ្ទៃដីជិត៨០០ហិកតា នៅស្រុកសំបូរ ខេត្តក្រចេះ ពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហ ភាពជូនប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចក្រោល និងព្នង សរុប២៦៦គ្រួសារ។
យោងតាមសៀវភៅរាជកិច្ចលេខ ៨៨ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ ដែលបានផ្សព្វផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣បានឲ្យដឹងថា រដ្ឋាភិបាលបានចេញអនុក្រឹត្យពីរដាច់ដោយឡែកពីគ្នា ដោយសម្រេចធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋលើផ្ទៃដីសរុបជិត៨០០ហិកតានៅស្រុកសំបូរ ខេត្តក្រចេះ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចជាង២៦៦គ្រួសារ។
អនុក្រឹត្យទី១ ដែលចុះកាលបរិច្ឆេទថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា រដ្ឋាភិបាលធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋលើផ្ទៃដីទំហំ ៤៦៧ហិកតា ៨២អា និង ៩២សង់ទីអា សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចក្រោល ១សហគមន៍ ស្ថិតនៅភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានចំនួន ១២៦គ្រួសារ លើក្បាលដីសរុប ៣៣ក្បាលដី ដែលរួមមាន ដីលំនៅឋាន ៦ក្បាលដី និងដីកសិកម្ម ២៧ក្បាលដី។
ចំណែកអនុក្រឹត្យមួយទៀតដែលចុះកាលបរិច្ឆេទថ្ងៃខែឆ្នាំដដែលបានបង្ហាញថា រដ្ឋាភិបាលបានសម្រេចធ្វើអនុបយោគផ្ទៃដីទំហំ ៣០២ហិកតា ៥៨អា និង ៦៨សង់ទីអា ពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្នង ១សហគមន៍ ស្ថិតនៅភូមិស្រែឈូក ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានចំនួន១៤០គ្រួសារ លើក្បាលដីសរុប៣០ក្បាលដី ដែលរួមមានដីលំនៅឋាន៦ក្បាលដី និងដីកសិកម្ម ២៤ក្បាលដី។
ក្រៅពីនោះ ក្នុងសៀវភៅរាជកិច្ចលេខ៨៨ដដែល ក្នុងទំព័រលេខ ១១១៨១ រដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យ ដោយសម្រេចចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនូវ ផ្ទៃដីទំហំ ១ ២១៩,៤១០៦ (មួយពាន់ពីររយដប់ប្រាំបួនក្បៀសបួនពាន់មួយរយប្រាំមួយ) ហិកតា ដែលមានទីតាំងស្ថិតនៅភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែន ជ័យ ស្រុកស្នូល ខេត្តក្រចេះ ពីដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍវិស័យដំណាំកសិ-ឧស្សាហកម្មចម្រុះ ដែលទទួលស្គាល់ដោយប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ផងដែរ។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១ ដល់ខែមិថុនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានផ្តល់ការចុះបញ្ជីដីសមូហភាពដល់សហគមន៍ជនជាតិដើមភាគតិចកម្ពុជាចំនួន ៤០សហគមន៍ ហើយការចុះបញ្ជីថ្មីមានចំនួនត្រឹមតែ ២១ សហគមន៍ចាប់តាំងពីឆ្នាំ២០១៧មក បើទោះបីជារដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការពន្លឿនការចុះបញ្ជីដីធ្លីសម្រាប់ជនជាតិដើមភាគតិចក៏ដោយ។ ករណីនេះ CCHR លើកទឹកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពន្លឿនការចុះបញ្ជីដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិច និងដោះស្រាយឧបសគ្គដែលរារាំងសហគមន៍ជនជាតិដើមភាគតិចពីការចុះបញ្ជីដីសហគមន៍របស់ពួកគេ។
តាមការចងក្រងក្នុងរបាយការណ៍ថ្មីរបស់ CCHR ដែលចុះផ្សាយក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញទៀតថា លទ្ធផលសរុបរយៈពេល១២ឆ្នាំ គឺចាប់ពីឆ្នាំ២០១១ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ មានសហគមន៍ជនជាតិដើមភាគតិចចំនួន ៤០ ក្នុងនោះមាន ៣ ៨៩៣គ្រួសារ ឬស្មើ៨,៧៣ភាគរយ នៃសហគមន៍ជនជាតិដើមភាគតិចសរុបចំនួន ៤៥៨សហគមន៍ នៅទូទាំងប្រទេសបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាព។
របាយការណ៍នោះលម្អិតថា ខេត្តដែលមានការចុះបញ្ជីដីសមូហភាព គឺខេត្តរតនគិរី មាន ២៧សហគមន៍ លើផ្ទៃដីជាង២៧ ០០០ហិកតា ចំណែកខេត្តមណ្ឌលគិរីមាន៧សហគមន៍ លើផ្ទៃដីជាង ៦ ០០០ហិកតា និងខេត្តក្រចេះមាន ៤សហគមន៍ លើផ្ទៃដីជាង ៤ ៧០០ហិកតា ព្រមទាំងខេត្តស្ទឹងត្រែងមាន ២សហគមន៍ លើផ្ទៃដីជិត ២ ០០០ហិកតា៕