រដ្ឋាភិបាល កាត់ឆ្វៀលផ្ទៃដីទំហំជាង ១ ៣០០ហិកតា ចេញពីតំបន់៣ នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់បង ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជូនជាកម្មសិទ្ធិជូនប្រជាពលរដ្ឋជិត ៣ ០០០គ្រួសារ។
យោងតាមសៀវភៅរាជកិច្ចលេខ ៤៧ ទំព័រលេខ ៥៨៣៩ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំ ១ ៣៥៣ ហិកតា ៣៤អា ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង និងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចេញពីតំបន់៣ នៃតំបន់បឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២ ៩៩៥គ្រួសារ។
ក្រៅពីនោះ អនុក្រឹត្យដដែល ក៏បានសម្រេចកែសម្រួលផ្ទៃដីពីតំបន់៣ បញ្ចូលមកតំបន់២ ទំហំ ១០ ៤៣០ ហិកតា ១៧អា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ និងផ្តល់ជូនប្រជាពលរដ្ឋចំនួន ២ ៤០៨គ្រួសារ បន្តប្រើប្រាស់ និងអាស្រ័យផល។
កាលពីខែឧសភា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានថ្លែងតាមសារជាសំឡេងដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ កែសម្រួលព្រំប្រទល់ទន្លេសាប ដោយកាត់ឆ្វៀលដីខ្លះចេញពីតំបន់បឹងទន្លេសាប ប្រគល់ជូនពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយតាមរយៈយុទ្ធសាស្ត្រស្បែកខ្លា។ ការថ្លែងនោះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានប្រមូលយកដីប្រមាណជាង៦ម៉ឺន ២ពាន់ហិកតាមកវិញ ក្រោយពីមានការទន្រ្ទានពីបណ្តាមន្ត្រី និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា តំបន់ទន្លេសាប គឺមាននៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ ផ្ទៃដី និងព្រៃលិចទឹកជុំវិញតំបន់ទន្លេសាបនេះ ត្រូវបានចែកចេញជា៣តំបន់ ក្នុងនោះតំបន់ទី១ ជាតំបន់ដែលពលរដ្ឋកំពុងរស់នៅអាស្រ័យកាន់កាប់ជាកម្មសិទ្ធស្របច្បាប់ ខណៈតំបន់ទី២ ពលរដ្ឋអាចអាស្រ័យផលបាន តែគ្មានសិទ្ធិជាម្ចាស់កម្មសិទ្ធិនោះឡើយ។ ដោយឡែក តំបន់៣ គឺជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឱ្យមានការរំលោភបំពាន។
បើតាមរាជរដ្ឋាភិបាល ការកែសម្រួលព្រំប្រទល់តំបន់ទន្លេសាបនេះ គឺផ្អែកលើការអភិរក្ស និងការរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋជាប្រវត្តិសាស្ត្រ៕