រដ្ឋាភិបាលធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋលើផ្ទៃដីជាង ៥ ០០០ហិកតា ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ៤៩០គ្រួសារ។
យោងតាមអនុក្រឹត្យដែលចុះកាលបរិច្ឆេទថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងសៀវភៅរាជកិច្ចលេខ៩០ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋលើផ្ទៃដីសរុប ៥ ៤៦២ហិកតា ៨៦អា ស្ថិតនៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អនុក្រឹត្យដដែល បានបញ្ជាក់ថា ផ្ទៃដីនេះ ត្រូវបានកាត់ឆ្វៀលចេញពី ៣ទីតាំង ក្នុងនោះផ្ទៃដីទំហំ ២ ៨១៤ហិកតា ៧៣អា ត្រូវកាត់ចេញពីដែនជម្រកសត្វព្រៃកែវសីមា ផ្ទៃដីទំហំ ២០១៣ហិកតា ១៣អា ត្រូវកាត់ចេញពីសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហួរលីង និងផ្ទៃដី ៦៣៥ហិកតា ត្រូវកាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ហើយនិងផ្តល់ជាកម្មសិទ្ធិជូនពលរដ្ឋ ៤៩០គ្រួសារ។
គួររលឹកផងថា ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានកែប្រែបន្ថែមពីផ្ទៃដីទំហំ ២៩២ ៦៩០ហិកតា មកផ្ទៃដីទំហំ ៣១៧ ៤៥៦ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី និងខេត្តក្រចេះ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែកក្រុមហ៊ុន ហួរលីង ទទួលបានសម្បទានដីសេដ្ឋកិច្ចទំហំ ៨ ៤០០ហិកតា នៅក្នុងឆ្នាំ ២០១០ ដើម្បីវិនិយោគលើដំណាំកសិឧស្សាហកម្មក្នុងកិច្ចសន្យារយៈពេល ៥០ឆ្នាំ៕