សៀវភៅរាជកិច្ចលេខ៨៩ បានបង្ហាញពីការផ្តល់គោរមងារ ការផ្តល់ គ្រឿងឥស្សរិយយស ការផ្តល់សញ្ជាតិខ្មែរ ការបែងចែកដីធ្លី ការដំឡើងឋានន្តរស័ក្តិ និងការតែងតាំងមុខតំណែងដល់មន្ត្រីមួយចំនួន ដែលក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់យោធា និងនគរបាលជាតិផងដែរ។
សៀវភៅរាជកិច្ចលេខ៨៩ ដែលចេញផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ទៀ សីហា ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជំនួសឪពុករបស់លោកគឺ លោក ទៀ បាញ់ ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ។ មន្ត្រីយោធាម្នាក់ទៀត គឺលោក ម៉ឹង ពន្លក ត្រូវបានតែង តាំងមុខតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។ លោក ម៉ឹង ពន្លក គឺជាកូនប្រុសរបស់លោក ម៉ឹង សំផន ជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ដោយឡែកលោកវរសេនីយ៍ទោ សុខា រ៉ានាថ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ត្រូវបានដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ឯក។ លោក សុខា រ៉ានាថ ក៏មានតួនាទីជាអគ្គលេខាធិការរង និងជាប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។
លោក សុខា រ៉ានាថ គឺជាកូនប្រុសរបស់លោក សៅ សុខា ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការតែងតាំងដែលគួរឱ្យកត់សម្គាល់ផ្សេងទៀត គឺលោកឧត្តមសេនីយ៍ទោ សុង លី និងឧត្តមសេនីយ៍ទោ ចេវ ហាក់ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ មុនទទួលបានការតែងតាំងមុខតំណែងថ្មីនេះ លោកទាំងពីរមានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយលោកឧត្តមសេនីយ៍ទោ សុង លី ធ្លាប់ទទួលបន្ទុកលើផែនការងារព្រហ្មទណ្ឌ ចំណែកលោកឧត្តមសេនីយ៍ ចេវ ហាក់ ទទួលបន្ទុកលើផែនការងារនគរបាលចរាចរណ៍និង ធ្លាប់ធ្វើជាប្រធានការិយាល័យនគរបាលចរាចរណ៍ជាច្រើនឆ្នាំ។
ដោយឡែកលោកស្រី ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជាមានឋានៈស្មើទេសរដ្ឋមន្ត្រី។ លោកស្រីចូលជំនួសតំណែងឪពុករបស់លោកស្រី គឺលោក ជា ចាន់តូ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
សៀវភៅរាជកិច្ចដដែល ក៏បានបង្ហាញពីការផ្តល់គោរមងារដល់បុគ្គល ០២រូប ជាឧកញ៉ា រួមមាន លោក ជៀម ហេង និងលោកស្រី កែវ ណារី និង និងឧកញ៉ា០២រូបទៀត ត្រូវបានផ្តល់គោរមងារជាអ្នកឧកញ៉ា គឺមានឧកញ៉ា យី រដ្ឋា និងឧកញ៉ា សុខ វណ្ណា។ សៀវភៅរាជកិច្ចនេះ មាននិយាយពីការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសចំនួន ១៥រូប ដែលក្នុងនោះមានជនជាតិចិន ១២រូប (២រូបមានសញ្ជាតិវ៉ានូអាទូ) ចិនតៃវ៉ាន់១រូប ម៉ាឡេស៊ី១រូប និងឡាវ ១រូប។ ភាគច្រើនក្នុងចំណោមជនជាតិចិនដែលទទួលបានសញ្ជាតិខ្មែរបានប្តូរឈ្មោះរបស់ពួកគេ។
លើសពីនេះ ក៏មានបង្ហាញពីការកាត់ឆ្វៀលដីនៅទីតាំងចំនួន ០២ ដើម្បីប្រគល់ជូនបុគ្គលឯកជន និងតំណាងមួយចំនួនរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផងដែរ។
ក្នុងនោះ អនុក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ត្រង់ទំព័រ១១៣៣១ បានឱ្យដឹងថា រដ្ឋាភិបាលបានកាត់ឆ្វៀលដីទំហំ ៧៦ហិកតា ១០អា ៨៦សង់ទីអា ស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និង ផ្តល់សិទ្ធិជាកម្មសិទ្ធិផ្ទៃដីខាងលើជូនឈ្មោះ សេង ម័រ និង តាំង សាំងហេង តំណាងប្រជាពលរដ្ឋ៧គ្រួសារ។
ចំណែកអនុក្រឹត្យមួយទៀតដែលចុះកាលបរិច្ឆេទដូចគ្នា ត្រង់ទំព័រ១១៣២៩ បញ្ជាក់ថា រដ្ឋាភិបាលបានកាត់ផ្ទៃដីបឹងតាមោកទំហំ ២៤ ៧៨៩ ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងត្រូវធ្វើប្រទានកម្មផ្ទៃដីខាងលើជាកម្មសិទ្ធិជូនលោក ម៉ែន សុខ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។ រដ្ឋាភិបាលធ្លាប់បានចេញអនុក្រឹត្យមួយចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កាត់ឆ្វៀលផ្ទៃបឹងទំហំ ៥៣៥ ០៣១ ម៉ែត្រក្រឡា ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងសម្រេចប្រគល់ជូនឈ្មោះ ស៊ុយ សុផាន ទំហំ ៤៥៧ ៨៩៣ ម៉ែត្រក្រឡា និងឈ្មោះ ម៉ែន សុខ ទំហំ ៧៧ ១៣៨ ម៉ែត្រក្រឡា៕