សៀវភៅ​រាជកិច្ច​លេខ៣៣​៖​ ការ​​ផ្តល់​​សញ្ជាតិ​ ការ​​ផ្តល់​គ្រឿង​​ឥស្សរិយយស​ មេដាយ​ការងារ​ ការដំឡើង​ឋានន្តរស័ក្តិ​​និង​ការ​បើក​អាជីវកម្ម​ថ្មី​

យោង​តាម​សៀវភៅ​រាជកិច្ច​លេខ៣៣​ បង្ហាញថា​ មានការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជន​​បទេស​ជាង​​១០​​នាក់​ ការ​ផ្ដល់​គ្រឿងឥស្សរិយយស​ និង​មេដាយ​ការងារ​ដល់​ព្រះសង្ឃ​ មន្រ្តី​រាជការ​ និង​សប្បុរសជន​ចំនួន​ជាង​​១ពាន់​​អង្គ​/រូប​​ ការ​​តែង​​តាំង​​និង​​ការ​​ផ្លាស់​ប្តូរ​​មុខ​​តំណែង​​នាយទាហាន​ មន្ត្រី​រាជការ​ជិត​​២០​​រូប​​ ​ការ​​ដំឡើង​​ថ្នាក់​​និង​​ឋានន្តរស័ក្តិ​ដល់​​មន្ត្រី​​ស៊ីវិល​​និង​​មន្ត្រី​នគរបាល​​ជិត​​៣០​​រូប​ ​​និង​​ការ​​អនុញ្ញាត​​បើក​​អាជីវកម្ម​​ផង​ដែរ​​។​

សៀវភៅ​រាជកិច្ច​លេខ​​៣៣​​​នេះ​​ ដែល​ចេញផ្សាយ​ដោយ​​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នៅ​​ថ្ងៃទី១១​ ខែកញ្ញា​​ ឆ្នាំ​​២០២៣​​ បង្ហាញថា​ ជនបរទេស​ដែល​ទទួល​បាន​សញ្ញា​តិ​ខ្មែរ​មាន​ ​១៣រូប​រួមមាន​ ជនជាតិ​ចិន​ចំនួន៧រូប​ (​មួយ​​រូប​​មាន​​សញ្ជាតិ​​ចិនតៃវ៉ាន់​​)​  ចិនតៃវ៉ាន់១​​រូប​​ ភូមា២រូប​ វៀតណាម១រូប​ រុស្សី​ ១រូប​ និង​កូរ៉េ១រូប​។​ 

ឯកសារ​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ព្រះសង្ឃ​ មន្រ្តី​រាជការ​ និង​សប្បុរសជន​និង​​ដៃគូ​អ​ភវិវ​ឌ្ឍ​​សរុប​​ចំនួន​​ ១​ ១៣០អង្គ​/រូប​ ត្រូវ​បាន​ព្រះមហាក្សត្រ​ និង​រដ្ឋាភិបាល​ប្រោស​ប្រទាន​ និង​ផ្ដល់​គ្រឿងឥស្សរិយយស​ និង​មេដាយ​ស្ថាបនា​ជាតិ​ និង​មេដាយ​ការ​​ងារ​ ដែល​ពួកគេ​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​ និង​ការ​​បរិច្ចាគ​ធនធាន​​ចូល​​រួមចំណែក​កសាង​សមិទ្ធផល​នានា​កន្លងមក​​។​ 

ក្រៅពី​ការ​​ផ្ដល់​គ្រឿងឥស្សរិយយស​ និង​មេដាយ​ការងារ​ ក៏​មាន​ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរ​ស័ក្ដិ​ដល់​មន្ដ្​រី​នគរបាល​ក្រសួង​មហា​​ផ្ទៃ​ចំនួន​​២៥រូប​ និង​​ដំឡើង​​ថ្នាក់​សវនករ​ដើម​ខ្សែ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ចំនួន០២រូប​ផង​ដែរ​។​

ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​តែងតាំង​និង​ផ្លាស់ប្ដូរ​មុខតំណែង​នាយ​​ទា​ហ៊ាន​ និង​ ប្រគល់​ភារកិច្ច​ជូន​មន្រ្តី​រាជការ​ចំនួន១៩រូប​​នៅក្នុង​ក្របខណ្ឌ​​ក្រសួង​ការពារ​​ជាតិ​​ចំនួន០២រូប​ ក្រសួងមហាផ្ទៃ០២រូប​ ក្រសួង​ពាណិជ្ជកម្ម០២រូប​ ក្រសួងសុខាភិបាល​ចំនួន០១រូប​ ក្រសួងទេសចរណ៍០១រូប​ ជាទី​ប្រឹក្សា​អាជ្ញាធរ​សវនកម្ម​ជាតិ០១រូប​ ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​នីតិកម្ម០១រូប​ និង​បញ្ចូល​ទៅ​ក្នុង​រចនាសម្ព័ន្ធ​លេខាធិការ​ដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (គ​.ជ​.អ​.ប​.)ចំនួន​ ០៨រូប​ផង​ដែរ​។​ ក្រៅពី​នេះ​លោក​ អូ​ស្មាន់​ ហា​សាន់​ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​តំណាង​ឱ្យ​ខ្មែរឥស្លាម​នៅ​កម្ពុជា​ ត្រូវ​បាន​រាជ​​រដ្ឋា​​ភិបាល​ប្រគល់​ភារកិច្ច​ជា​បេសកជនពិសេស​របស់​លោក​ ហ៊ុន​ សែន​ អតីត​នាយក​រដ្ឋមន្ត្រី​ ដើម្បី​សហការ​ពិគ្រោះ​យោបល់​ជា​​មួយ​នឹង​បេសកជនពិសេស​របស់​នាយក​រដ្ឋមន្ត្រី​ នៃ​​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​សេចក្ដីសម្រេច​លេខ៣៦​ សសរ​ ចុះ​ថ្ងៃទី៣​ ខែ​​ឧសភា​​​ ឆ្នាំ​​២០២៣​។​ 

ចំណែក​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចំនួន០៤​ ដែល​មាន​​ថៅកែ​ជា​ជនជាតិ​ចិន​និង​ចិនតៃវ៉ាន់​ បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ រោងចក្រ​ក្ដារបន្ទះ​ រោងចក្រ​ផលិត​ស្រោមជើង​ និង​រោង​​ចក្រ​ផលិត​និង​ផ្គុំ​ដំឡើង​ឧបករណ៍​បញ្ចូល​ភ្លើង​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ ខណៈ​​ក្រសួង​​រ៉ែ​​ និង​​ថាម​​​ពល​​ ក៏បាន​​អនុញ្ញាត​​ឱ្យ​​ម្ចាស់​​ស្ថានីយ៍​​ជនជាតិ​​ខ្មែរ​​ ដំណើរការ​​​​ស្ថានីយ​​ប្រេងឥន្ធនៈ​​ និង​​ឧស្ម័ន​​ ចំនួន​​ ៣កន្លែង​​ផង​​ដែរ​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​