រដ្ឋាភិបាលធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋលើផ្ទៃដីជាង ៤០០ហិកតា ស្ថិតនៅតំបន់ឧទ្យាជាតិ ០២កន្លែង នៅខេត្តកែប និងខេត្ត ពោធិ៍សាត់ សម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ក្រុមហ៊ុនឯកជន ចំនួន ០២ ដែលគ្រប់គ្រងដោយសាច់ញាតិរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។
តាមអនុក្រឹត្យចំនួនពីរដាច់ដោយឡែកពីគ្នានៅក្នុងសៀវភៅរាជកិច្ចលេខ៨៣ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ផ្ទៃដីទំហំ ៣០,៩១ ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិកែប ភូមិសាស្ត្រសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងផ្ទៃដីទំហំ ៤១៤ហិកតា ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ខាងត្បូង ភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋាភិបាលសម្រេចធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ ដើម្បីជួលទៅឱ្យក្រុមហ៊ុនក្នុងស្រុកចំនួន ០២ ធ្វើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។
បើតាមអនុក្រឹត្យលេខ១៩៨ អនក្រ.បក ដែលចុះកាលបរិច្ឆេទថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា ផ្ទៃដីទំហំ ៣០,៩១ ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិកែប ត្រូវបានផ្តល់ជូនក្រុមហ៊ុន ឌីភីអិលខេ អ៊ិនវេសម៉ិន គ្រុប ឯ.ក (DPLK INVESTMENT GROUP CO.,LTD) សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារ ភ្ជាប់នឹងធម្មជាតិ។ ចំណែកអនុក្រឹត្យមួយទៀតលេខ១៩៩ អនក្រ.បក ចុះកាលបរិច្ឆេទដូចគ្នាបានបង្ហាញថា រដ្ឋាភិបាលសម្រេចធ្វើអនុបយោគលើផ្ទៃដីទំហំ ៤១៤ហិកតា ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង មកជាដីឯកជនរបស់រដ្ឋ និងផ្តល់ជូនក្រុមហ៊ុន សាម៉ានេអា ឯ.ក (SAMANEA CO., LTD) សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងរុក្ខទេសចរណ៍ដែលផ្សារភ្ជាប់នឹងទឹកដី។
រដ្ឋាភិបាលបានផ្តល់ផ្ទៃដីជាង ៤០០ហិកតាខាងលើនេះ ទៅឱ្យក្រុមហ៊ុនទាំងពីរនេះ ធ្វើការអភិវឌ្ឍ ក្រោមលក្ខខណ្ឌជួល ប៉ុន្តែមិនបានបញ្ជាក់ថា ជួលរយៈពេលប៉ុន្មានឆ្នាំនោះទេ នេះបើតាមអនុក្រឹត្យទាំង២។
បើតាមក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន សាម៉ានេអា ឯ.ក (Samanea Co.,LTD) បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយក្រុមហ៊ុននេះ មានលោកស្រី អ៊ឹម ប៉ូលីកា ជាប្រធានក្រុមប្រឹក្សាភិបាល។ លោកស្រី អ៊ឹម ប៉ូលីកា គឺជាភរិយារបស់លោក អូន ព័ន្ធមុនីរ័តុ្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ។ ចំណែកក្រុមហ៊ុន ឌីភីអិលខេ អ៊ិនវេសម៉ិន គ្រុប ឯ.ក (DPLK INVESTMENT GROUP CO.,LTD) បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ហើយក្រុមហ៊ុននេះមានអ្នកឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល។
អ្នកឧកញ៉ា លី ឃុនថៃ គឺជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ជាមួយនឹងការងារជាប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា។ អ្នកឧកញ៉ា លី ឃុនថៃ គឺជាស្វាមីរបស់លោកស្រី ខា ឡេង ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ី ដែលបង្កើតឡើងកាលពីឆ្នាំ២០១១។ លោកស្រីក៏ជាអគ្គនាយិការង ក្រុមហ៊ុន អាល់ហ្វា ប្រផឺធី ខនស្ត្រាក់សិន គ្រុប ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនខាងផ្នែកអចលនទ្រព្យ និងសំណង់។
អនុក្រឹត្យលេខ១៧៣ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ ឧទ្យានជាតិជួរភ្នំក្រវាញត្រូវបានបង្កើតឡើងនៅលើផ្ទៃដីទំហំ ៩២៦ ១២៣ ហិកតា ដែលស្ថិតក្នុង ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។
បើតាមសៀវភៅរាជកិច្ចលេខ៩៥ ឧទ្យានជាតិកែប ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលផ្ទៃដីទំហំ ១២០ហិកតា ដើម្បីធ្វើអនុបយោគមកជាដីឯកជនរបស់រដ្ឋ និងផ្តល់ឱ្យក្រុមហ៊ុនចំនួន ០២ ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ៕