មន្ត្រី​ និង​សប្បុរសជន​ជាង​ ១១០០នាក់​​ បាន​ទទួល​គ្រឿង​​ឥស្សរិយយស​​ និង​មេដាយ​

ព្រះមហាក្សត្រ​ និង​រដ្ឋាភិបាល​ ​ផ្តល់​មេដាយ​ការងារ​​ និង​​គ្រឿងឥស្សរិយយស​​ ជូន​មន្ត្រី​ ជន​បរ​ ទេស​ និង​​សប្បុ​រ​ជន​​​ជាង​ ១​ ១០០នាក់​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញភារកិច្ច​ការងារ​ និង​ចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ ជួយ​កសាង​សមិទ្ធផល​នានា​លើ​គ្រប់​វិស័យ​នៅ​តាម​បណ្តា​រាជធានី​ និង​ខេត្ត​មួយចំនួន​។​

យោង​តាម​សៀវភៅ​រាជកិច្ច​លេខ​ ៣០​ ក្នុង​ចន្លោះ​ទំព័រ​លេខ​ ៣៦៤២​ ដល់​​លេខ​ ៣៦៩៨​ ចេញផ្សាយ​​ជា​សាធារណៈ​នៅ​ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៣​ បានឱ្យ​ដឹង​ថា​ មាន​ព្រះសង្ឃ​ ឧកញ៉ា​ ភរិយា​ឧកញ៉ា​​ មន្ត្រី​រាជការ​ ប្រជា​ការពារ​ និង​ជនបរទេស​ សរុប​ចំនួន​ ១​ ១៦៧អង្គ​/រូប​ ត្រូវ​បាន​ព្រះមហាក្សត្រ​ និង​រដ្ឋាភិបាល​ ប្រោស​​ព្រះរាជទាន​​ និង​ផ្តល់​គ្រឿងឥស្សរិយយស​ និង​មេដាយ​ស្ថាបនា​ជាតិ​ ព្រមទាំង​មេដាយ​ការងារ​។​ 

ក្នុង​សៀវភៅ​ដដែល​ បញ្ជាក់​ថា​ ការ​ផ្តល់​គ្រឿងឥស្សរិយយស​ និង​មេដាយ​ការងារ​នេះ​ សម្រាប់​អ្នក​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញភារកិច្ច​ការងារ​ និង​បាន​ចំណាយធនធាន​​ផ្ទាល់ខ្លួន​ ជួយ​កសាង​សមិទ្ធផល​នានា​ នៅ​តាម​បណ្តា​រាជធានី​-ខេត្ត​មួយចំនួន​ ដូចជា​ ខេត្តកំពត​ ព្រៃវែង​ កំពង់ចាម​ ព្រះសីហនុ​ និង​រាជធានី​ភ្នំពេញ​។​   

ក្រៅពី​ការ​ផ្តល់​គ្រឿងឥស្សរិយយស​ និង​មេដាយ​ការងារ​នេះ​ ក្នុង​សៀវភៅ​រាជកិច្ច​លេខ​ ៣០​ ក៏​មាន​ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ​ ប្រោស​ប្រទាន​ផ្តល់​គោរមងារ​ជា​ឧកញ៉ា​ ជូន​លោកស្រី​ ចាន់​ ធានី​ ការដំឡើង​ឋានន្តរ​ស័ក្​ត​ជា​កិច្ច​មច្ឆា​មរណៈ​ចំពោះ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ ចំនួន​ ២៥រូប​ ដែល​បាន​ទទួលមរណភាព​ ការតែងតាំង​មន្ត្រី​មួយ​រូប​ ជារ​ដ្ឋ​លេខាធិការ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ ដល់​ជនជាតិ​ចិន​ចំនួន​ ២រូប​ផង​​ដែរ​។​

ចំណែក​ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​វិញ​ មានការ​អនុញ្ញាត​ឱ្យ​កាត់​ឆ្វៀល​ដី​ទំហំ​ ៦០​ ០០០ម៉ែត្រ​​​ការ៉េ​ ស្ថិតនៅ​ភូមិ​ក្រពើ​ ឃុំ​បល្ល័ង្គ​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ២០០២​ ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ ជូន​សាលា​នគរបាល​ជាតិភូមិ​ភាគ៤​​។​ 

ដោយឡែក​ ប្រកាស​របស់ក្រ​សួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចំនួន​​៤​ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​​ បង្កើត​​រោង​​ចក្រ​​កាត់ដេរ​សម្លៀកបំពាក់​ រោងចក្រ​ផលិត​​គ្រឿង​បន្សំ​ និង​រោង​​ចក្រ​​ផលិត​​ស្បែកជើង​​ ខណៈ​ក្រសួង​រ៉ែ​ និង​ថាម​​ពល​ ក៏បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​ស្ថានីយ៍​ជនជាតិ​ខ្មែរ​ ដំណើរការ​​​ស្ថានីយ​ប្រេងឥន្ធនៈ​ និង​ឧស្ម័ន​ ចំនួន​ ៣ផង​ដែរ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​