ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមជិត៧០នៅក្នុងរយៈពេលប្រាំបួនខែក្នុងឆ្នាំ២០២២ នេះបើយោងតាមសៀវភៅរាជកិច្ច។
យោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ៤៩ដល់លេខ៩៦ក្នុងឆ្នាំ២០២២ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមចំនួន៦៩។
សមាគមមួយចំនួនក្នុងចំណោមនោះធ្វើការងារផ្នែកមនុស្សធម៌ដូចជាផ្តល់ជំនួយជាដើម ចំណែកមួយចំនួនទៀតធ្វើការលើផ្នែកអាជីវកម្ម ប៉ុន្តែសមាគមច្រើនទៀតផ្តល់ព័ត៌មានតិចតួចអំពីសកម្មភាពរបស់ខ្លួន។ សមាគមមួយចំនួនទៀតបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់រដ្ឋាភិបាល។
សមាគមបង្កើតថ្មីមួយទៀត គឺសមាគមឧកញ៉ាកម្ពុជាដែលមានអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកិត្តិយសនិងអ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាប្រធាន។ សមាគមនេះអះអាងថា បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែឯកសារផ្លូវការមិនទាន់ឃើញចេញផ្សាយនៅលើសៀវភៅរាជកិច្ចនៅឡើយទេ។
សមាគមមួយដែលបានចុះបញ្ជីកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ មានឈ្មោះថា សមាគមមន្ត្រីតុលាការ ដែលមានឈ្មោះដើមជា សមាគមមន្ត្រីរាជការតុលាការ និងអយ្យការអមតុលាការកំពូល។ លោក ជីវ កេង ដែលជាប្រធានស្តីទីរបស់តុលាការកំពូល គឺជាប្រធានសមាគមនេះ នេះបើតាមសារព័ត៌មានFresh News។
សមាគមមួយចំនួនទៀតបានសម្តែងការគាំទ្របែបនយោបាយចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល។ សមាគមបណ្តាញប្រជាជនកម្ពុជាដែលបានចុះបញ្ជីកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែកក្កដា ២០២៣ ដោយគាំទ្រលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ ហើយបានបន្ថែមថា ការបោះឆ្នោតនេះមានលក្ខណៈសេរីនិងយុត្តិធម៌។ ចំណែកឯកសមាគមសម្ព័ន្ធគ្រួសារយុវជនសន្តិភាពកម្ពុជា-អាស៊ីបានចេញផ្សាយញត្តិមួយច្បាប់កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដោយបង្ហាញការគាំទ្រពេញទំហឹងចំពោះតុលាការ ដែលសម្រេចផ្តន្ទាទោសមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ពីបទក្បត់ជាតិ។
សមាគមអ្នកផលិតថ្មសំណង់កម្ពុជា ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក៏បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដោយគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣។ ចំណែកសមាគមយុវជនទិសអាគ្នេយ៍បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការបដិសេធការចុះឈ្មោះរបស់គណបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៣។
ត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ មានអង្គការសមាគម ៦.១០៩ ដែលបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។ ក្នុងនោះ សមាគមមាន២.៦២៣ និងអង្គការក្រៅរដ្ឋាភិបាលមាន៣.៤៨៦ នេះបើយោងតាមប្រសាស៍របស់លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចែករំលែកតួលេខនេះនៅក្នុងវេទិកាមួយរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវលកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នៅសណ្ឋាគារសុខាភ្នំពេញ៕