លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលបានគោរមងារជា “សម្តេច” ដោយចូលរួមជាមួយឥស្សរជនគណបក្សកាន់អំណាចដទៃទៀត និងសមាជិករាជវង្សានុវង្សមួយចំនួនផងដែរ ដែលមានគោរមងារមួយក្នុងចំណោមគោរមងារដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសកម្ពុជា។
ព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃទី២ ខែកញ្ញា ធ្វើឡើង បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជាជា “កិត្តិទេសាភិបាលបណ្ឌិត” ជូនលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែសីហា។
ព្រះរាជក្រឹត្យថ្មីបំផុតចុះថ្ងៃទី២ ខែកញ្ញានេះ ផ្តល់គោរមងារជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា “សម្តេចមហាបវរធិបតី”។
ពាក្យ “សម្តេច” ត្រូវបានបកស្រាយផ្សេងៗគ្នាថា ជា “អ្នកមានតេជះច្រើន” ឬ “អ្នកមានបុណ្យមានអំណាចធំ” ចំណែកពាក្យ “មហា” មានន័យថា ធំ ប្រសើរ សម្បើម និង “បវរ” មានន័យថា ប្រសើរ ថ្លៃថ្លា ចំណែកពាក្យ “ធិបតី” មានន័យថា ជាប្រធានឬជាម្ចាស់លើគេ។
លោក ហ៊ុន សែន ឪពុករបស់លោក ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀត ដូចជាលោក ស ខេង និងលោក ទៀ បាញ់ អតីតរដ្ឋមន្ត្រីក៏មានងារជាសម្តេចដែរ។ លោក ហ៊ុន ម៉ាណែត ក៏ប្រើងារជា “បណ្ឌិត” ផងដែរ។
ព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀតកាលពីថ្ងៃសៅរ៍ក៏បានផ្តល់គោរមងារសម្ដេចជូនលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភាថ្មីផងដែរ។ គោរមងារពេញរបស់លោកជំទាវ គឺ “សម្តេចមហារដ្ឋសភាធិការធិបតី”។
ការផ្តល់គោរមងារទាំងនេះធ្វើឡើង ខណៈលោក ហ៊ុន ម៉ាណែត ស្នងតំណែងពីឪពុករបស់លោកក្នុងការដឹកនាំរដ្ឋាភិបាលថ្មី៕