អ្នកជំនាញ និងមន្ត្រីគ្រប់គ្រង៧រូប ដែលចូលរួមជាមួយស្ថាប័នគ្រប់គ្រងប្រាសាទអង្គរវត្ត និងឯកអគ្គរដ្ឋទូតបារាំងបច្ចុប្បន្នផងដែរ ត្រូវបានផ្តល់មេដាយកិត្តិយស បន្ទាប់ពីមានសំណើពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរដ្ឋាភិបាលរបស់លោករងការចោទប្រកាន់ថា បានបណ្តេញចេញអ្នករស់នៅជុំវិញតំបន់ប្រាសាទអង្គរវត្តដោយបង្ខំ។
សៀវភៅរាជកិច្ចលេខ៤ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ ឯកសារទី៥ដែលចុះកាលបរិច្ឆេទថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គឺនិយាយអំពីការផ្តល់មេដាយកិត្តិយសដល់ដៃគូសហប្រតិបត្តិការអន្តរជាតិចំនួន១០រូប។ អ្នកទទួលបានមេដាយរួមមានសមាជិកនៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីដ្ឋានប្រវត្តិសាស្ត្រហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលដែលបានគាំទ្រការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋពីតំបន់បេតិកភណ្ឌ។
អ្នកជំនាញអាយស៊ីស៊ី-អង្គរបួនរូប គឺលោកសាស្ត្រាចារ្យ Mounir Bouchhenaki លោកសាស្ត្រាចារ្យ Jean-Marie Furt លោកសាស្ត្រាចារ្យ Shinji Tsukawaki និងសាស្ត្រាចារ្យ Bernard Hubert។ លោក Takeshi Nakagawa ក៏ទទួលបានមេដាយផងដែរ ហើយត្រូវបានសារព័ត៌មានដកស្រង់សម្តីនាពេលថ្មីៗ ក្នុងឋានៈជាសហប្រធានគម្រោងជប៉ុនអប្សរា ការពារប្រសាទអង្គរ។
អ្នកទទួលមេដាយពីររូបផ្សេងទៀត គឺលោកសាស្ត្រាចារ្យ Azedine Beschaouch និងលោកស្រី ចៅ ស៊ុនកិរិយា ជាសមាជិកលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ។ លោកស្រី ស៊ុនកិរិយា ក៏ជាទីប្រឹក្សា និងជាអ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា ដែលបានការពារយ៉ាងខ្លាំងក្លាចំពោះការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់ទីតាំងដែលមិនទាន់មានការអភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុតនោះ។
លោក Jacque Pellet ឯកអគ្គរដ្ឋទូតបារាំងបច្ចុប្បន្ន ក៏ទទួលបានមេដាយមួយក្នុងចំណោមមេដាយរាប់ម៉ឺនគ្រឿងដែលផ្តល់ដោយរដ្ឋាភិបាលកាលពីឆ្នាំមុន។ ឯកសារអាយស៊ីស៊ី-អង្គរបានបញ្ជាក់ថា អ្នកទទួលមេដាយទីប្រាំបួនឈ្មោះ Bruno Favel ជាបុគ្គលិក នៃក្រសួងវប្បធម៌ និងទំនាក់ទំនងបារាំង។
មន្ត្រីទី១០ ដែលទទួលបានមេដាយ គឺលោក សៀង សុខហឿង ដែលទំនងជាមានទំនាក់ទំនងជាមួយអ្នកជំនួញ សៀង ចាន់ហេង ដែលជាប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍។ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្នកទាំងពីរមានទំនាក់ទំនងនឹងអ្នកទទួលមេដាយ៩នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអាយស៊ីស៊ី-អង្គរតាមរបៀបណានោះទេ។
នៅក្នុងឯកសារដាច់ដោយឡែកមួយទៀតចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ លោក Paul Dubrule ត្រូវបានផ្តល់មេដាយកិត្តិយសផងដែរ។ លោក Dubrule បានបើកសាលាមួយឈ្មោះសាលាសណ្ឋាគារ ទេសចរណ៍ ប៉ូល ឌុយប្រ៊ូល នៅខេត្តសៀមរាប ដែលផ្តល់ការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច រួមទាំងសម្រាប់ “យុវជនកម្ពុជាដែលងាយរងគ្រោះ” ផងដែរ។
ចុងក្រោយ គឺលោក ឌី រ៉ាដូ និងលោកស្រី មុំ ពុទ្ធិតា ត្រូវបានតែងតាំងជាអភិបាលរងខេត្តឧត្តរមានជ័យ ក្នុងអនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃតែមួយ៕