រដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតឲ្យបើកដំណើរការរោងចក្រថ្មីចំនួន៨៧ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣ ដែលភាគច្រើនជារោងចក្រផលិតសម្លៀកបំពាក់ ប៉ុន្តែក៏មានរោងចក្រមួយចំនួនផលិតគ្រឿងសង្ហារឹម ផ្លាស្ទិក គ្រឿងអេឡិចត្រូនិច រោងម៉ាស៊ីនកិនស្រូវ រោងចក្រផលិតបារី និងរោងចក្រផលិតសម្ភារផ្សេងៗទៀតផងដែរ។
យោងតាមសៀវភៅរាជកិច្ចពីលេខ១ដល់លេខ២៤ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីនៅចន្លោះខែមិថុនា ដល់ខែសីហា ក្រសួងរ៉ែ និងថាម ពលបានចេញលិខិតអនុញ្ញាតដំណើរការស្ថានីយ៍ប្រេងឥន្ធនៈចំនួន៧៨កន្លែង ខណៈក្រសួងឧស្សាហកម្មចេញលិខិតអនុញ្ញាតឲ្យបើករោងចក្រចំនួន ៨៧ផងដែរ។
ក្នុងនោះ ក៏មានស្ថានីយ៍រួមប្រេងនិងឧស្ម័នឥន្ទនៈចំនួន១០កន្លែងត្រូវបានអនុញ្ញាតផងដែរ ខណៈស្ថានីយចំនួន៣ទៀត គឺកន្លែងសម្រាប់ស្តុក ហើយស្ថា នីយ៍ប្រេងស្ទើរតែទាំងអស់ជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ។
ចំពោះការអនុញ្ញាតឲ្យបើកដំណើរការរោងចក្រវិញ មានរោងចក្រ៨តំណាងដោយជានជាតិខ្មែរ និង៧៩ផ្សេងទៀតតំណាងដោយជនបរទេស ហើយធៀបនឹងរោងចក្រទាំង៨៧ គឺស្មើប្រមាណ៩,២% ដែលត្រូវបានតំណាងដោយជនជាតិខ្មែរ។
រោងចក្រកាត់ដេរ និងរោងចក្រពាក់ព័ន្ធចំនួន៤៩ រួមមានរោងចក្រផលិតស្បែកជើង ខ្សែក្រវ៉ាត់ កាបូប សម្ភារកីឡា បោកអ៊ុត និងប៉ាក់ មានតំណាង ដែលមានសញ្ជាតិដូចខាងក្រោម៖ ចិន៣២នាក់ តៃវ៉ាន់៥នាក់ កូរ៉េ៤នាក់ កម្ពុជា២នាក់ ជប៉ុន១នាក់ ម៉ាឡេស៊ី២នាក់ អាមេរិច១នាក់ ជនជាតិបារាំង១នាក់ និងជនជាតិអង់គ្លេស១នាក់។
រោងចក្រចំនួន៣៨ផ្សេងទៀតធ្វើការងារលើវិស័យឧស្សាហកម្មដូចជារោងម៉ាស៊ីនកិនស្រូវ កែច្នៃចំណីអាហារ ផលិតសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិច កែច្នៃលោហៈធាតុ ផលិតរ៉ែមាស វ៉ែនតា សម្ភារៈសំណង់ គ្រឿងសង្ហារឹម ក្តារកុងប្លាកេ ប្លាស្ទិក ប្រអប់ និងសម្ភារវេចខ្ចប់ សម្ភារបោះពុម្ពគ្រឿងបន្លាស់រថយន្ត គ្រឿងបន្លះកង់ និងផលិតបារី។
បើគិតពីសញ្ជាតិ រោងចក្រទាំងនោះ ត្រូវបានតំណាងដោយជនជាតិចិនចំនួន ២២នាក់ ខ្មែរ៦នាក់ ជប៉ុន៤នាក់ កូរ៉េ២ ថៃ២ ជនជាតិអាមេរិក១នាក់ និងវៀតណាម១នាក់។
ចំពេលមានការផ្តល់ការអនុញ្ញាតថ្មីនេះ ក្រុមអង្គការលើកកម្ពស់សិទ្ធិការងារក៏បានរាយការណ៍ពីការផ្អាក និងការបិទរោងចក្រជាច្រើនផងដែរ ដោយអង្គការសង់ត្រាល់បានអះអាងថា កម្មករចំនួន២០.០០០នាក់បានបាត់បង់ការងារចាប់ពីខែកុម្ភៈដល់ខែកក្កដា នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Cambodianess៕