យោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ១ ដល់លេខ១២ នៃឆ្នាំ២០២៣នេះ និងត្រូវបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីចាប់ពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា រយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២២ ពោលគឺក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា ជូនបុគ្គលចំនួន១៦រូប ។
ក្នុងចំណោមបុគ្គលទាំង១៦រូប ដែលទទួលបានគោរមងារ មានបីរូបត្រូវបានផ្តល់គោរមងារពីឧកញ៉ាទៅជាអ្នកឧកញ៉ា ដែលក្នុងនោះមានឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ហើយដោយឡែកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ាដល់លោកឧកញ៉ា ឡាញ់ ភារ៉ា ផងដែរ។
អ្នកឧកញ៉ា ផែ ហុកឈួន មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធាន សមាគមឧញ៉ាកម្ពុជា។ អ្នកឧកញ៉ា ផែ ហុកឈួន គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុន យី តាក់ គ្រុប (YETAK GROUP) ជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជា ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈើ ឯ.ក ផងដែរ ។ ក្រៅពីវិនិយោគលើវិស័យកសិកម្ម លោកក៏វិនិយោគលើវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច និងភោជនីយដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ សមាគមឧកញ៉ាកម្ពុជា ។
ចំណែកឯអ្នកឧកញ៉ា ឡាញ់ ភារ៉ា គឺជានាយកក្រុមហ៊ុន Green Cambodian Property និងក្រុមហ៊ុន Construction Group នេះបើយោងតាមការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ អ្នកឧកញ៉ា ឡាញ់ ភារ៉ា ទើបនឹងទទួលបានដីនៅតំបន់បឹងតាមោក (បឹងកប់ស្រូវ) ទំហំសរុបចំនួន១៣៣.៧២៩ ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់គោករកានិងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីដើមឆ្នាំនេះ។ កាលពីឆ្នាំ២០១៩ លោកធ្លាប់ជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ៧៧គ្រួសារនៅឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហានុ។
កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការស្តីពីការបង្កើតសមាគមឧកញ៉ាកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកិត្តិយសនិងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។ សមាគមឧកញ៉ាកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនិងចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃតាមរយៈលិខិតចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ហើយគិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ ឧកញ៉ានៅកម្ពុជាកើនដល់១២៩៩នាក់ហើយ៕