មន្ត្រីរាជការ នាយទាហាននិងនាយនគរបាលសរុបជិត៣០០នាក់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងរយៈបីខែនៅចុងឆ្នាំ២០២២ នេះបើយោងតាមសៀវភៅរាជកិច្ច។
យោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ៧៩ ដល់៨៣ នៃឆ្នាំ២០២២ និងចាប់ពីសៀវភៅរាជកិច្ចលេខ១ ដល់លេខ១០នៅឆមាសទី១ ឆ្នាំ២០២៣នេះ បានបង្ហាញថា រយៈពេលបីខែចុងក្រោយ ដោយគិតចាប់ពីថ្ងៃ៧ ខែតុលាឆ្នាំ២០២២ មកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានមន្ត្រីរាជការស៊ីវិលសរុប២៧០នាក់ត្រូវបានប្រកាសដាក់ឲ្យចូលនិវត្តន៍ ដែលក្នុងនោះមាន៩៤រូបជាមន្ត្រីស៊ីវិលមកពីស្ថាប័ននិងក្រសួង២២ផ្សេងគ្នា មាន៥០រូបគឺជាមន្ត្រីនគរបាលនិង១២៦រូបផ្សេងទៀត គឺជាមន្ត្រីយោធា។ ក្នុងចំណោមមន្ត្រីយោធានិងនគរបាលទាំងនោះ ពួកគាត់មានតួនាទីចាប់ពីវរសេនីយ៍ឯកដល់ឧត្តមសេនីយ៍ឯក។
នៅក្នុងចំណោមមន្ត្រីដែលត្រូវចូលនិវត្តន៍ទាំងនោះ ក៏មានលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត ស៊ីនាង អតីតប្រធានពន្ធនាគារខេត្តកណ្តាលផងដែរ។ លោក ចាត ស៊ីនាង ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃកាលពីខែតុលា ឆ្នាំ២០២១។ កន្លងមកមានសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនលើកឡើងពីភាពមិនប្រក្រតីនៅក្នុងពន្ធនាគារខេត្តកណ្តាលដោយចោទថា មានការធ្វេសប្រហែសបណ្តាលឲ្យអ្នកទោសស្លាប់ មានអ្នកទោសរត់គេចពីពន្ធនាគារនិងអំពើពុករលួយក្នុងចំណោមមន្ត្រីពន្ធនាគារជាដើម៕