អាជ្ញាធរបានឃាត់ខ្លួនអ្នកឧកញ៉ា ហ៊ី គឹមហុង និងអង្គរក្ស១៣នាក់នៅភ្នំពេញ ដែលព្យាយាមការពារលោក ជុំវិញគម្រោងវិនិយោគដីធ្លីដែលពាក់ព័ន្ធប្រជាពលរដ្ឋរាប់ រយនាក់នៅខេត្តកំពត នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុក។
អ្នកឧកញ៉ា ហ៊ី គឹមហុង ជាម្ចាស់ក្រុមហ៊ុនពិភពដីមាសប្រឈមនឹងបណ្តឹងពីប្រជាពលរដ្ឋ៣២៣នាក់ ដែលបានចោទក្រុមហ៊ុនរបស់លោកថា ខកខានមិនបានសងប្រាក់ ដែលបានវិនិយោគដែលមានទឹកប្រាស់៦លានដុល្លារ។ នគរបាលខេត្តបានកោះហៅអ្នកឧកញ៉ារូបនេះនិងអ្នកជំនួញម្នាក់ទៀត គឺឧកញ៉ា ចេង សង្ហាក់ មកសាកសួរ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកកោះសន្តិភាព។
កោះសន្តិភាពបានបន្ថែមថា កាលពីថ្ងៃទី២៦ ខែមិថុនា ឧកញ៉ាទាំងពីរបានបញ្ជូនតំណាងមកចរចាជាមួយប្រជាពលរដ្ឋ៥០០នាក់។ ប៉ុន្តែកាលពីថ្ងៃទី៧ ខែសីហា អាជ្ញាធរបានឃាត់ខ្លួនអ្នកឧកញ៉ា ហ៊ី គឹមហុង នៅភ្នំពេញដែលតាមចោទគឺពីបទឆបោក ចំណែកអង្គរក្ស១៣នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ ដោយសាររារាំងនិងបង្កហិង្សាលើសមត្ថកិច្ច។ យោងតាមទំព័រហ្វេសប៊ុកក្រុមហ៊ុនពិភពដីមាសបានឲ្យដឹងថា គម្រោងវិនិយោគដីនេះ គឺស្ថិតនៅឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
យោងតាមមូលដ្ឋានទិន្នន័យកំណត់ត្រាបានឲ្យដឹងថា លោក ហ៊ី គឹមហុង ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ លោកទទួលគោរមងារជាអ្នកឧកញ៉ាកាលពីឆ្នាំមុន នៅថ្ងៃទី២១ ខែតុលា។ សហសេវិករបស់លោកគឺលោក ចេង សង្ហាក់ ទទួលគោរមងារជាឧកញ៉ាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ក្រសួងពាណិជ្ជកម្មចុះបញ្ជីដោយដាក់ឈ្មោះលោក ហ៊ី គឹមហុង ជានាយកក្រុមហ៊ុនពិភពដីមាសដែលមានអាសយដ្ឋាននៅខណ្ឌពោធិ៍សែនជ័យ ព្រមទាំងជានាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMZ និងក្រុមហ៊ុនប្រាំផ្សេងទៀត៕