បណ្តាញសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលបានចេញផ្សាយបញ្ជីឈ្មោះមន្ត្រីនៅតាមក្រសួងនានារបស់រដ្ឋាភិបាលថ្មី ដោយបង្ហាញឲ្យឃើញថា ស្ថាប័នទាំងនោះមានបុរសភាគច្រើននិងស្ថិតនៅក្នុងតំណែងកំពូលៗផងដែរ។
ព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ និងត្រូវបានផ្សព្វផ្សាយដោយបណ្តាញព័ត៌មាន Fresh News បង្ហាញថា មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការសរុបចំនួន ១.៤២២នាក់ នៅក្នុងក្រសួងទាំង២៩ ឬគិតជាមធ្យមក្រោម៥០នាក់សម្រាប់ក្រសួងនីមួយ ហើយដែលសម្បូរទៅដោយបុរសៗ។
សរុបមក មន្ត្រីកំពូលនៅតាមក្រសួងទាំងនេះគឺមានស្ត្រីត្រឹមតែ១៥ភាគរយប៉ុណ្ណោះ ដោយក្រសួងការពារជាតិស្ថិតនៅលេខរៀងក្រោមគេដោយមានចំនួន៤,៧ភាគរយ។ តួរលេខស្ត្រីក្នុងចំណោមក្រសួងទាំងអស់នេះស្ថិតនៅក្រោម២៥ភាគរយលើកលែងតែក្រសួងពីរប៉ុណ្ណោះ គឺក្រសួងកិច្ចការនារីនិងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
តួរលេខសរុបរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការនៅតាមក្រសួង
ជាអ្វីដែលគេអាចសន្និដ្ឋានបានថា ជាការធ្វើឲ្យល្អមើល បើធៀបទៅនឹងស្ថាប័នភាគច្រើនដែលគ្រប់គ្រងដោយបុរសនោះ ក្រសួងកិច្ចការនារីមានមន្ត្រីជាន់ខ្ពស់៩៣ភាគរយ គឺជាស្ត្រី ប៉ុន្តែក្រសួងនេះទទួលបានថវិកាប្រចាំឆ្នាំកម្រិតទាបបំផុតទីពីរ ដើម្បីដោះស្រាយបញ្ហានៃការផ្តល់តម្លៃស្ត្រីទាបជាងបុរសនៅកម្ពុជា។
ចំនួនមន្ត្រីថ្នាក់កំពូលៗទំនងជាស្របទៅនឹងទំហំថវិការបស់ក្រសួង ប៉ុន្តែមានក្រសួងមួយចំនួនដូចជាក្រសួងអប់រំ យុវជននិងកីឡាករ មានចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាបបំផុតទីប្រាំបី គឺ៣៤រូប ទោះបីជាក្រសួងនេះទទួលបានថវិកាប្រចាំឆ្នាំច្រើនរហូតដល់៨៩៥លានដុល្លារក៏ដោយ។
ដោយឡែក ក្រសួងព័ត៌មានមានចំនួនមន្ត្រីថ្នាក់កំពូលច្រើនលំដាប់ទីបួនសរុប៦៩រូប បើទោះបីជាទទួលបានថវិកាប្រចាំឆ្នាំទាបបំផុតទីប្រាំមួយត្រឹម២០លានដុល្លារក៏ដោយ។
ចំនួនរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការធៀបនឹងថវិកាប្រចាំឆ្នាំរបស់ក្រសួង
ចំណែកនៅក្រៅក្រសួង មានស្ត្រីតែម្នាក់គត់នៅក្នុងចំណោមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំង២៩រូប ចំណែកនៅខុទ្ធកាល័យនាយករដ្ឋមន្ត្រីវិញ មានស្ត្រីតែបីរូបប៉ុណ្ណោះក្នុងចំណោមប្រធាននិងអនុប្រធានទាំង២៤រូប។
ក្នុងចំណោមសមាជិកសភាចំនួន១២៥រូប មានតែ១៦នាក់ប៉ុណ្ណោះ គឺជាស្ត្រី ឬស្មើ ១៣ភាគរយ ខណៈដែលក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រី៥៤រូប មានត្រឹមតែ ៣នាក់ប៉ុណ្ណោះ គឺជាស្ត្រី ឬ៥,៦ភាគរយ។
មូលដ្ឋានទិន្នន័យកំណត់ត្រាកំពុងចងក្រងឈ្មោះមន្ត្រីរដ្ឋាភិបាលកំពូលៗ ហើយនឹងចេញផ្សាយទិន្នន័យ និងរំលេចអំពីបុគ្គលសំខាន់ៗនៅលើទំព័រអ្នកស្នងតំណែងឆ្នាំ២០២៣៕
ក្រសួង | រដ្ឋលេខាធិការ | អនុរដ្ឋលេខាធិការ | ស្ត្រី |
ការពារជាតិ | 44 | 42 | 4.65% |
ធម្មការនិងសាសនា | 33 | 12 | 6.67% |
សាធារណការ និងដឹកជញ្ជូន | 30 | 31 | 8.20% |
អាកាសចរណ៍ស៊ីវិល | 12 | 11 | 8.70% |
ផែនការ | 23 | 21 | 9.09% |
មហាផ្ទៃ | 42 | 62 | 9.62% |
កសិកម្ម | 25 | 35 | 10.00% |
ទីស្តីការគណៈរដ្ឋមន្ត្រី | 54 | 35 | 10.11% |
ឧស្សាហកម្ម | 20 | 19 | 10.26% |
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ | 23 | 23 | 10.87% |
អប់រំ យុវជន និងកីឡា | 14 | 20 | 11.76% |
អភិវឌ្ឍន៍ជនបទ | 32 | 26 | 12.07% |
បរិស្ថាន | 18 | 23 | 12.20% |
ធនធានទឹក | 11 | 13 | 12.50% |
ទេសចរណ៍ | 26 | 16 | 14.29% |
រៀបចំដែនដី | 18 | 27 | 15.56% |
ព័ត៌មាន | 30 | 39 | 15.94% |
ទូរគមនាគមន៍ | 21 | 29 | 16.00% |
យុត្តិធម៌ | 16 | 14 | 16.67% |
សង្គមកិច្ច | 31 | 38 | 17.39% |
រ៉ែ និងថាមពល | 19 | 13 | 18.75% |
មុខងារសាធារណៈ | 22 | 29 | 19.61% |
ការបរទេស | 19 | 16 | 20.00% |
សុខាភិបាល | 35 | 19 | 20.37% |
វប្បធម៌ និងវិចិត្រសិល្បៈ | 14 | 15 | 20.69% |
ការងារ | 32 | 23 | 21.82% |
ពាណិជ្ជកម្ម | 36 | 17 | 24.53% |
ទំនាក់ទំនងសភា ព្រឹទ្ធសភា | 18 | 9 | 29.63% |
កិច្ចការនារី | 15 | 12 | 92.59% |