ជាផ្នែកមួយនៃការផ្ទេរអំណាចដែលកំពុងធ្វើទៅឲ្យកូនប្រុស លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន បានប្រកាសថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពីររូបនឹងក្លាយជាឧបនាយករដ្ឋមន្ត្រីអមលោក ហ៊ុន ម៉ាណែត នៅក្នុងជួររដ្ឋាភិបាលអាណត្តិក្រោយ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើផ្នែកនៃផ្លូវក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ដែលតភ្ជាប់ពីរង្វង់មូលចោមចៅ ក្បែរព្រលានយន្តហោះ ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា លោក នេត សាវឿន ៦៣ឆ្នាំ ជាអគ្គស្នងការនគរបាលជាតិនិង លោក ស៊ុន ចាន់ថុល អាយុ៦៧ឆ្នាំ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នឹងត្រូវតែងតាំងជាឧបនាយករដ្ឋមន្ត្រីឆាប់ៗនេះ។
លោក ហ៊ុន សែន បានថ្លែងថា សុន្ទរកថានៅព្រឹកថ្ងៃព្រហស្បតិ៍នេះនឹងក្លាយជា សុន្ទរកថាចុងក្រោយរបស់លោកក្នុងឋានៈជានាយករដ្ឋមន្ត្រី ខណៈដែលលោក ត្រៀមខ្លួនធ្វើជាប្រធានព្រឹទ្ធសភា និងប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅកូនប្រុស ច្បងគឺលោក ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ។
លោកបានមានប្រសាសន៍ថា វាជាការល្អក្នុងការផ្ទេរអំណាចនៅពេលដែលអ្វីៗ មានស្ថេរភាព ជាជាងរង់ចាំដល់ពេលដែលលោកនិងមនុស្សជំនាន់របស់លោក ចាស់ជ្រុល។
លោកមានប្រសាសន៍ថា “នេះគឺជាការលះបង់ ដើម្បីភាពសុខសាន្តរយៈពេលវែង គឺធានានូវសន្តិភាព និងធានាដល់ការអភិវឌ្ឍ”។
លោកបន្តថា លោកនៅតែអាចធ្វើជានាយករដ្ឋមន្ត្រីបានពី៥ ឬ១០ឆ្នាំទៀត ប៉ុន្តែ យកល្អមិនគួររង់ចាំយូរទៀតទេ។ “បើខ្ញុំស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក ឬខ្ញុំស្លាប់ក្នុងរយៈ ពេលមួយឆ្នាំទៀត តើនឹងមានអ្វីកើតឡើងនៅពេលនោះ បើយើងមិនបានរៀបចំ សម្រាប់អ្នកបន្តវេន?”។
លោកបានបន្ថែមថា លោកបានកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការផ្ទេររាជបាល័ង្គទៅព្រះរាជបុត្រ របស់ព្រះអង្គ នរោត្តម សីហមុនី ក្នុងពេលព្រះអង្គនៅមានព្រះជន្មនៅឡើយ។
ដោយឡែក នៅក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែសីហា ព្រះមហាក្សត្របានតែង តាំងលោក ម៉ឹង ពន្លក អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃ ក្រសួងការពារជាតិ ឱ្យឡើងកាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយទទួលការងារបន្តពីឪពុករបស់លោកគឺលោក ម៉ឹង សំផន។នៅក្នុងព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀតចុះកាលបរិច្ឆេទថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាន Fresh News កាលពីថ្ងៃទី៤ ខែសីហានេះ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី។ ការតែងតាំងនេះត្រូវបានធ្វើឡើងនៅថ្ងៃតែមួយ ដែលលោកស្រី ជា សិរី ជាកូនស្រីរបស់លោក ជា ចាន់តូ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជំនួសលោក៕