លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសរុះរើសមាសភាពថ្នាក់ដឹកនាំនៅក្នុងរដ្ឋសភា ជាសញ្ញានៃការចាកចេញរបស់លោក ហេង សំរិន ពីតួនាទីជាប្រធានសភាជាន់ទាប ដែលលោកកំពុងដឹកនាំនាពេលបច្ចុប្បន្ន។
លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីចាំផ្ទះបានបញ្ចេញវីដេអូឃ្លីបមួយនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃពុធ ដែលទំនងជាឆ្លើយតបនឹងសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីអំពីការបែកបាក់ផ្ទៃក្នុងគណបក្សកាន់អំណាច។ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកស្រី ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នឹងចូលកាន់តំណែងបន្តពីលោក ហេង សំរិន ជាប្រធានរដ្ឋសភា។
លោកស្រីនឹងត្រូវបានជួយជ្រោមជ្រែងដោយលោក ជាម យៀប ដែលនឹងបន្តធ្វើជាអនុប្រធានទី១ និងលោក វង សូត ដែលកាន់តំណែងជាអនុប្រធានទី២។ លោក វង សូត ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាកូនប្រសារបស់លោក ហេង សំរិន។
លោក ហ៊ុន សែន មានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត នឹងត្រូវបង្ហាញនៅថ្ងៃព្រហស្បតិ៍។ លោក ហ៊ុន សែន នឹងជួបជាមួយសមាជិកទីស្ដីការគណៈរដ្ឋមន្ត្រីចាស់ និងគណៈរដ្ឋមន្ត្រីថ្មី នៅថ្ងៃព្រហស្បតិ៍នេះ។
លោក ហ៊ុន សែន ក៏បានអះអាងផងដែរថា សមាជិកជាន់ខ្ពស់របស់គណបក្សដូចជាលោក ឌិត មុន្ទី ប្រធានតុលាការកំពូលបានស្នើសុំព្រះមហាក្សត្រ ដើម្បីដាក់ឲ្យលោកចូលនិវត្តន៍ដោយសារវ័យចាស់។
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងលោក ទី បូរ៉ាស៊ី ជាព្រឹទ្ធសមាជិកគណបក្សប្រជាជនកម្ពុជាក៏បានស្នើសុំលាលែងពីមុខតំណែងដែរ ដោយសារអាយុ និងសុខភាព នេះបើយោងតាមសារសំឡេងរបស់លោក ហ៊ុន សែន។
នៅក្នុងសុន្ទរកថាក្រោយការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភានៅឆ្នាំក្រោយ ហើយនឹងក្លាយជាប្រធានព្រឹទ្ធសភា។
តំណែងប្រធានព្រឹទ្ធសភា គឺជាតំណែងកំពូលទីពីរបន្ទាប់ពីព្រះមហាក្សត្រដែលមានន័ថា ប្រធានព្រឹទ្ធសភាមានសិទ្ធិចុះហត្ថលេខាលើឯកសារផ្លូវការទាំងអស់ និងបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី នៅពេលដែលព្រះមហាក្សត្រមិនមានវត្តមាននៅក្នុងប្រទេស៕