គណបក្សនយោបាយចំនួន ១០ ដែលបានឈរឈ្មោះក្នុងការបោះឆ្នោតជាតិក្នុងខែកក្កដានេះគឺមិនបានចុះឈ្មោះដាក់ភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ដើម្បីសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតជាង ២៣,០០០ នៅទូទាំងប្រទេសនោះទេ។
កាលពីថ្ងៃទី៣ ខែកក្កដាកន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញផ្សាយលទ្ធផលផ្លូវការចុងក្រោយនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់គណបក្សទាំង១៨ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។ លទ្ធផលបង្ហាញថា គណបក្សចំនួន១០ គឺនឹងមិនមានភ្នាក់ងារគណបក្សរបស់ខ្លួននៅក្នុងការិយាល័យបោះឆ្នោត ដើម្បីត្រួតពិនិត្យពីដំណើរការបោះឆ្នោត និងការបោះឆ្នោតត្រូវបានអនុវត្តត្រឹមត្រូវដែរឬយ៉ាងណានោះទេ។
គណបក្សទាំង ១០ ខាងលើនេះរួមមាន គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សជនជាតិដើមប្រជាធិបេតយ្យកម្ពុជា គណបក្សស្រ្តីដើម្បីស្ត្រី គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សកសិករ គណបក្សខ្មែរអភិរក្ស។
ក្នុងចំណោមគណបក្សទាំង១០ ក្នុងនោះគេសង្កេតឃើញថា គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយគឺមានបេក្ខជនយ៉ាងហោចណាស់ម្នាក់នៅក្នុងខេត្តទាំង២៥ ប៉ុន្តែពួកគេមិនបានចុះឈ្មោះដាក់ភ្នាក់ងារគណបក្សរបស់ខ្លួនសូម្បីតែម្នាក់ ដើម្បីតាមដានពីបេក្ខជនរបស់ពួកគេនៅថ្ងៃទី២៣ ខែកក្កដានោះទេ។
គណបក្សតូចៗទាំងនេះ ជារឿយៗត្រូវបានគណបក្សប្រជាជនកម្ពុជាលើកឡើងថា ជាគណបក្សដែលបង្ហាញពីជំហរគាំទ្រក្នុងការអះអាងថាប្រទេសកម្ពុជាមានប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការបោះឆ្នោតប្រកដោយសេរី និងយុត្តិធម៌។
សម្រាប់ក្នុងចំណោមគណបក្សដែលមានការចុះឈ្មោះភ្នាក់ងារគណបក្សរបស់ខ្លួន ក្នុងនោះគេសង្កេតឃើញគណបក្សប្រជាជនកម្ពុជាមានដាក់ភ្នាក់ងារនៅក្នុងការិយាល័យបោះឆ្នោតទាំងអស់ចំនួន ២៣ ៧៨៩ កន្លែងនៅទូទាំងប្រទេស ដោយមានដាក់ចំនួនបម្រុងស្មើៗគ្នាដើម្បីជំនួសសម្រាប់អ្នកអវត្តមានណាម្នាក់ផងដែរ។
ទោះជាយ៉ាងណា គណបក្សនយោបាយមួយចំនួនផ្សេងទៀត ដែលមានដូចជាគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប្រកួតប្រជែងការបោះឆ្នោតតាំងពីឆ្នាំ ១៩៩៣ និងគណបក្សខ្មែររួបរួមជាតិគឺមានដាក់ភ្នាក់ងារត្រឹមតែ ២០% និង ១៤% នៃការិយាល័យបោះឆ្នោតទូទាំងប្រទេស បើទោះបីជាពួកគេបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់អាសនៈរដ្ឋសភាទាំង ១២៥ ក៏ដោយ។
សម្រាប់គណបក្សខ្មែរឈប់ក្រ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ១២៥ នាក់ ប៉ុន្តែពួកគេបានចុះឈ្មោះភ្នាក់ងារគណបក្សរបស់ខ្លួនបានតែ ១៧ នាក់ប៉ុណ្ណោះក្នុងខេត្តចំនួន ២។ គណបក្សយុវជនកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ស្ទើរតែគ្មានវត្តមានភ្នាក់ងារក្នុងការិយាល័យបោះឆ្នោត។
កាលពីសប្តាហ៍មុន អង្គការឃ្លាំមើលសិទិ្ធមនុស្សបានចេញផ្សាយការស្រាវជ្រាវដែលបង្ហាញពីភាពមិនប្រក្រតីចំនួន ១១០២ ពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ កាលពីឆ្នាំមុន រួមទាំងនៅតាមមណ្ឌលដែលមានអ្នកសង្កេតការណ៍មកគណបក្សតែមួយគត់គឺគណបក្សប្រជាជនកម្ពុជា៕