ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គ័រ ដែលគ្រប់គ្រងដោយភរិយា និងកូនប្រសារបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានទទួលលិខិតអនុញ្ញាតប្រកាសបង្កើតរោងចក្រមួយនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នេះបើយោងតាមសៀវភៅរាជកិច្ច។
នៅក្នុងប្រកាសមួយដែលចុះហត្ថលេខាដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ហើយបានចេញផ្សាយក្នុងរាជកិច្ចក្នុងខែឧសភាឆ្នាំនេះ បានបង្ហាញថា ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គ័រ តំណាងដោយឈ្មោះ គឹម ហ៊ាង បានទទួលការអនុញ្ញាតឱ្យបើករោងចក្រផលិតស្ករស ជី អេតាណុល និងអាកុល ដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
លោកស្រី គឹម ហ៊ាង ត្រូវបានស្គាល់ថា ជាភរិយារបស់សមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់។ យោងតាមឯកសាររបស់ក្រសួងពាណិជ្ជកម្ម លោកស្រី ដឹកនាំក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គ័រ ជាមួយលោក សេង ញ៉ក់ ដែលមានភរិយាឈ្មោះ លី អាផណ ដែលត្រូវជា កូនស្រីលោក លី យ៉ុងផាត់ និងលោកស្រី គឹម ហ៊ាង។
លោក លី យ៉ុងផាត់ គឺត្រូវបានស្គាល់ថា ជាបុគ្គលមួយរូបដែលជាប់ពាក់ព័ន្ធនឹងចំការអំពៅជាច្រើនទីតាំងនៅក្នុងប្រទេស ដែលមានជម្លោះដោយហិង្សាជាមួយអ្នកភូមិ និងបង្កឱ្យមានជាយុទ្ធនាការ «ស្ករប្រឡាក់ឈាម» ផងដែរ។
នៅក្នុងខេត្តកំពង់ស្ពឺ លោកជាប្រធានក្រុមហ៊ុនភ្នំពេញ ស៊ូហ្គ័រ ដែលមានទីតាំងជាប់នឹងក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គ័រ ហើយមានដីសម្បទានរដ្ឋចំនួន ១៨ ០០០ ហិកតា។ អង្គការសមធម៌កម្ពុជាបានកត់សម្គាល់ថា ទីតាំងទាំងពីរនោះ ទំនងជាត្រូវបានបំបែកចេញជា ២ទីតាំង ដើម្បីគេចពីការកំណត់របស់រដ្ឋសម្រាប់ដីសម្បទានចំនួន ១០ ០០០ ហិកតា។
អ្នកភូមិ បានតវ៉ាជាបន្តបន្ទាប់ដោយមានការអះអាងថា ពួកគេមិនបានទទួលសំណងសម្រាប់ការបណ្តេញចេញដោយបង្ខំនោះទេ។ នៅឆ្នាំ២០២០ ធនាគារ ANZ អូស្ត្រាលី យល់ព្រមផ្តល់កញ្ចប់ហិរញ្ញវត្ថុដល់គ្រួសារខ្មែរជាង ១ ០០០ គ្រួសារ សម្រាប់កម្ចីដែលខ្លួនផ្តល់ទៅឱ្យក្រុមហ៊ុនភ្នំពេញ ស៊ូហ្គ័រ ដោយធនាគារលើកឡើងពីការបំពានបទដ្ឋាននៃការគោរពសិទ្ធិមនុស្ស។
លោកស្រី គឹម ហ៊ាង ក៏ទទួលបានដីរដ្ឋចំនួន ៣០ហិកតា នៅបឹងតាមោក ដែលជាបឹងចុងក្រោយមួយរបស់រាជធានីភ្នំពេញ។ ទីតាំងដីបឹងនេះ កំពុងតែត្រូវបានគេចាក់បំពេញសម្រាប់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ ដោយក្នុងនោះអង្គការសមាគមធាងត្នោត បានលើកឡើងថា ប្រមាណ ៣០០គ្រួសារ កំពុងតែត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ៕