សាច់ញាតិរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកជំនួញល្បីឈ្មោះទទួលបានគោរមងារជា “ឧកញ៉ា” និង “អ្នកឧកញ៉ា” ជាបន្តបន្ទាប់ នេះបើយោងតាមឯកសារដែលផ្សព្វផ្សាយលើបណ្តាញព័ត៌មានគាំទ្ររដ្ឋាភិបាល។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១២ និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” ដល់លោកស្រី ហ៊ុន ស៊ីណាត និងគោរមងារជា “អ្នកឧកញ៉ា” ដល់លោក ហ៊ុន សាន និងលោក គ្រី ទូច។
លោក ហ៊ុន សាន និងលោក គ្រី ទូច ត្រូវជាបងប្រុសបង្កើត និងបងថ្លៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈលោកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី។
លោកស្រី ហ៊ុន ស៊ីណាត គឺជាភរិយារបស់លោក នឹម ច័ន្ទតារា ជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពត។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” ដល់លោកស្រី ម៉ៅ ចំណាន ជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង និងដល់កូនប្រុសរបស់អ្នកឧកញ៉ាឈ្មោះ គិត ស៊ូឡា ដែលមានអាយុ១៨ឆ្នាំ។
ចំណែកព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀត ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់ បង្គាប់តែងតាំង លោក គី ឌីបូម៉ា ជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក គី ឌីបូម៉ា ជាកូនប្រុសរបស់លោក គី តិច ជាមេធាវីតំណាងឱ្យរដ្ឋាភិបាល ក្នុងសំណុំរឿងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ផងដែរ។
ក្រៅពីនេះ លោកមេធាវី គី តិច បានការពារក្ដីឱ្យរដ្ឋាភិបាល ក្នុងសំណុំរឿង “បរិហាកេរ្តិ៍” ដែលគណបក្សប្រជាជនកម្ពុជាប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ និងសំណុំរឿងគណបក្សប្រជាជនកម្ពុជាប្ដឹងលោក គង់ គាំ ឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀនផងងដែរ៕