លោក ហ៊ុន ម៉ានិត កូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងមន្រ្តី៤រូបផ្សេងទៀត ត្រូវបានតំឡើងឋានៈជានាយករងខុទ្ទកាល័យនាយករដ្ឋមន្រ្តី មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥២៧ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២(ទំព័រ៥០០) និងត្រូវបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ ដំឡើងឋានៈដល់នាយករងខុទ្ទកាល័យនាយករដ្ឋមន្រ្តីចំនួន ៥រូប ក្នុងនោះរួមមាន លោក ហ៊ុន ម៉ានិត មានឋានៈស្មើ រដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន លោក ឈីវ យីស៊ាង មានឋានៈស្មើ រដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន លោក ប៉ាន់ខែម ប៊ុនថន មានឋានៈស្មើ រដ្ឋមន្រ្តី លោក ស្លាត សុភាព មានឋានៈស្មើ រដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន និង លោក ហាក់ សុខហៃ មានឋានៈស្មើ រដ្ឋមន្រ្តី ។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ានិត មានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ហើយថ្មីៗនេះ លោកក៏ត្រូវបានឪពុករបស់លោក ចេញអនុក្រឹត្យតែងតាំងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចេញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ លោក លី យ៉ុងផាត់ ក៏ត្រូវបានតែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានឋានៈស្មើ រដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥៣១ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ (ទំព័រ៥០៥) ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក លី យ៉ុងផាត់ ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០០៦ ហើយត្រូវបានមហាជនស្គាល់ជាទូទៅថា ជាមហាសេដ្ឋីលំដាប់កំពូលមួយនៅកម្ពុជា ដែលក្ដោបក្ដាប់អាណាចក្រជំនួញធំៗជាពហុវិស័យ ដូចជា រមណីយដ្ឋាន កាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញបោះដុំ សួនសត្វ ទីក្រុងរណប តំបន់សេដ្ឋកិច្ចពិសេស ការនាំចេញបារី ស្ថានីយទូរទស្សន៍ កសិកម្ម ផ្គត់ផ្គង់ទឹកស្អាត និងថាមពលផ្គត់ផ្គង់អគ្គីសនីនៅខេត្តកោះកុងជាដើម…។
បច្ចុប្បន្នអ្នកឧកញ៉ា លី យ៉ុងផាត់ កំពុងដឹកនាំក្រុមហ៊ុន L.Y.P Group និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។
លោក លី យ៉ុងផាត់ មានស្រុកកំណើតនៅខេត្តកោះកុង ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៥៨ និងបានក្លាយជាអាជីវករក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ ហើយទីបំផុតនាំឱ្យគាត់ក្លាយជាពាណិជ្ជករ និងជាទីប្រឹក្សាធុរកិច្ចក្នុងប្រទេសចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន៕