តំណាងសហគមន៍ចំនួន ៥នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុន រ័ត្ន សម្បត្តិ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះបើតាមយោងតាមការចុះផ្សាយរបស់សារព័ត៍មានក្នុងស្រុក ខេមបូចា។
កាលពីពេលកន្លងទៅនេះ ប្រជាពលរដ្ឋចំនួន ៦នាក់ ត្រូវបានប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង កោះហៅចំនួន២ដង ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងករណីចូលដោយគ្មានការអនុញ្ញាត និងប៉ះពាល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។ ប៉ុន្តែពលរដ្ឋ ៥នាក់ក្នុងចំណោមពួកគេ ត្រូវបានឃាត់ខ្លួន និងសាកសួរ នេះបើយោងតាមប្រភពព័ត៌មានដដែល។
ពលរដ្ឋម្នាក់ និយាយថា ពលរដ្ឋបានរស់នៅលើដីកំពុងមានជម្លោះនេះតាំងពីឆ្នាំ១៩៩៣មកម្លេះ ប៉ុន្តែនៅឆ្នាំ២០១១ ក្រុមហ៊ុន រ័ត្ន សម្បតិ្ត ទទួលបានដីសម្បទានសេដ្ឋកិច្ចហើយបានបណ្តេញអ្នកភូមិចេញ។
ពលរដ្ឋបន្តថា ក្រោយមកនៅឆ្នាំ២០១៧ អ្នកភូមិបានឮថា ក្រុមហ៊ុននេះបានប្រគល់ដីជូនរដ្ឋកាន់កាប់វិញ ហើយប្រជាពលរដ្ឋក៏បាននាំគ្នាទៅចាប់យកដីរបស់ពួកគាត់វិញ។ អ្នកភូមិបាននិយាយថា ពលរដ្ឋជាង ២០០គ្រួសារ បានរស់នៅលើដីទំហំ ៥៥២ហិកតា តាំងពីឆ្នាំ២០២១មក។
ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា តំណាងពលរដ្ឋទាំង៥នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅសាលាឃុំ បន្ទាប់ពីមេឃុំ ហៅពួកគាត់ទៅទីនោះធ្វើហាក់ដូចជាចង់រកដំណោះស្រាយ បន្ទាប់ពីស្ថានភាពកាន់តែងអាក្រក់ទៅ កាលពីដើមខែមិថុនា នៅពេលដែលប្រជាពលរដ្ឋជាង ២០០នាក់ បាននាំគ្នាលើកស្លាកគណបក្សប្រជាជនកម្ពុជានៅមុខក្លោងទ្វារក្រុមហ៊ុន រ័ត្ន សម្បត្តិ។
បន្ទាប់ពីប្រជាពលរដ្ឋបានដំណឹងថា អាជ្ញាធរបានឃាត់ខ្លួនតំណាងពួកគាត់ ប្រជាពលរដ្ឋជាង ២០០នាក់ បាននាំគ្នាទៅតវ៉ានៅមុខសាលាដំបូងខេត្ត ដោយអះអាងថា ពួកគាត់នឹងបន្តការតវ៉ារហូតដល់មានការដោះលែងតំណាង ប៉ុន្តែពួកគាត់ត្រូវបង្ខំចិត្តត្រឡប់មកផ្ទះវិញ បន្ទាប់ពីទទួលដំណឹងថា សមត្ថកិច្ចបានប្រើគ្រឿងចក្រឈូសផ្ទះរបស់ពួកគេជាង១០ខ្នង។ អាជ្ញាធរ បានបដិសេធថា មិនបានវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋទេ។
លោក អ៊ុន ខែម មេឃុំតាតោក បាននិយាយថា ទីតាំងដីនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដំបូងទៅក្រុមហ៊ុន រ័ត្នសម្បត្តិ ប្រមាណ ៥ ០០០ហិកតា ប៉ុន្តែដីនោះត្រូវបានកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះ ជាង ២ ០០០ហិកតា កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនរ័ត្នសម្បត្តិ ត្រូវបានចុះបញ្ជីជាដីសម្បទានដំណាំកៅស៊ូក្នុងឆ្នាំ២០០៩ នេះបើយោងតាមអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្រសួងពាណិជ្ចកម្ម បានចុះបញ្ជីក្រុមហ៊ុននៅក្នុងឆ្នាំ២០០៣ ដែលមានលោក មុិញ កញ្ញារ័ត្ន ជានាយកក្រុមហ៊ុន៕