នេះគឺជាព្រឹត្តិការណ៍ដែលទាក់ទងនឹងការបោះឆ្នោតដែលគួរឱ្យកត់សម្គាល់ និងសេចក្តីថ្លែងការណ៍សាធារណៈដែលកើតមានឡើងចាប់ថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
កាលពីថ្ងៃទី១២ ខែកក្កដា រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ប៉ែន បូណា បានថ្លែងរិះគន់ការផ្សព្វផ្សាយរបស់ The Cambodia Daily និងសារព័ត៌មានបស្ចិមប្រទេស ដោយលើកឡើងថា៖ «ចង់ចោទនរណា បំពានលើនរណាស្រេចតែចិត្តដោយគ្មានប្រភព គ្មានភស្តុតាងអ្វីទាំងអស់ក្រៅពីមាត់ខ្លួនឯងថាដោយការបូកផ្សំច្បោលៗ»។
លោកបន្ថែមទៀតថា៖ «បើសារព័ត៌មានប្រភេទនេះកើតនៅក្នុងប្រទេសតូចតាចដែលមិនសូវរីកចម្រើនប្រហែលជាមិនចម្លែកទេ ប៉ុន្តែវាបានកើតក្នុងមហាប្រទេសដែលតាំងខ្លួនជាគ្រូនៃសេរីភាពសារព័ត៌មាន»។
ថ្ងៃទី១១ ខែកក្កដា៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងការបង្ហោះតាមបណ្តាញសង្គម ដោយបញ្ជាក់ថា វិសោធនកម្មមាត្រា៤២ នៃច្បាប់បោះឆ្នោតអាចផ្តន្ទាទោសតាមច្បាប់លើបុគ្គលទាំងឡាយណាដែលណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដោយក្នុងនោះក៏មានការពិន័យជាប្រាក់ពី ៥លានទៅ ២០លានរៀល ឬស្មើនឹងប្រមាណជា ៥ ០០០ដុល្លារផងដែរ។
តាមរយៈសារជាសំឡេងមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកបានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រើប្រាស់រថយន្តក្រុងរហូតដល់ទៅ ៣៥០ គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋធ្វើដំណើរទៅការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសដោយមិនគិតថ្លៃ។
ថ្ងៃទី១០ ខែកក្កដា៖ ក្នុងថ្ងៃរំឭកខួប៧ឆ្នាំនៃការស្លាប់លោកបណ្ឌិត កែម ឡី សកម្មជនជាយុវជនមួយក្រុម បានប្រមូលផ្តុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលលោកបណ្ឌិតត្រូវបានគេបាញ់សម្លាប់ ដោយពួកគេទាំងនោះបានស្រោចឈាមក្លែងក្លាយលើខ្លួន ដើម្បីតំណាងឱ្យការស្លាប់របស់លោក កែម ឡី។ បើទោះបីជាបុរសម្នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ពីបទ ឃាតកម្មលើលោក កែម ឡី នៅពេលនោះក៏ដោយ ក៏ការសម្លាប់នេះត្រូវបានចាត់ទុកថាជារឿងនយោបាយ។ ក្នុងអំឡុងពេលក្បួនដង្ហែសពរបស់លោកបណ្ឌិត កែម ឡី ក្នុងនោះគេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់បានចូលរួម។
រួមជាមួយនឹងសង្គមស៊ីវិលមួយចំនួនទៀត សហស្ថាបនិកនៃបណ្តាញយុវជនកម្ពុជា លោក ស ម៉ូរី បានបង្ហោះសាររំលឹកដល់លោក កែម ឡី ដោយកត់សម្គាល់ពី «សុទិដ្ឋិនិយម ឯករាជ្យភាព និងវីរភាព» របស់គាត់។
ថ្ងៃទី៩ ខែកក្កដា៖ សកម្មជនបក្សភ្លើងទៀន លោក ថុល សំណាង ព្យាយាមសុំសិទ្ធិជ្រកកោននៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែកក្កដា នេះបើតាមការឱ្យដឹងពីអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលបានប្រាប់សារព័ត៌មាន CamboJA បន្ទាប់ពីអាជ្ញាធរមូលដ្ឋានត្រូវបានរាយការណ៍ថា បានចុះទៅកាន់ផ្ទះរបស់គាត់នៅភូមិត្រពាំងឈូក ជុំវិញការបង្ហោះសាររិះគន់លើបណ្ដាញសង្គមហ្វេសប៊ុក។
ទោះជាយ៉ាងណា អាជ្ញាធរថៃបានចាប់ខ្លួនរូបលោក ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ ពោលគឺនៅថ្ងៃទី៩ ខែកក្កដា ខណៈករណីនេះបានជំរុញឱ្យមេធាវីរបស់អង្គការសហប្រជាជាតិក្នុងប្រទេសថៃ ព្យាយាមធ្វើអន្តរាគមន៍។ ប្រទេសថៃមិនមានច្បាប់សម្រាប់ការពារជនភៀសខ្លួន និងមានសន្ធិសញ្ញាបត្យាប័នជាមួយកម្ពុជាឡើយ។
ទន្ទឹមនឹងនោះ តាមរយៈបណ្ដាញសង្គម Twitter លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យសហរដ្ឋអាមេរិក កុំបញ្ជូនគ្រាប់បែកចង្កោមសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងថា «ប្រសិនរឿងនេះវាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែន» និងបានលើកឡើងទៀតថា បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។
ថ្ងៃទី៨ ខែកក្កដា៖ ជាផ្នែកមួយនៃការជំរុញបន្តរបស់លោក ដើម្បីទទួលបានអ្នកគាំទ្របន្ថែមទៀតលើវេទិកាថ្មី បន្ទាប់ពីលុបបណ្ដាញសង្គមហ្វេសប៊ុកចោល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើគណនី Twitter ជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ ដោយបង្ហោះរូបថតដំបូងក្នុងចំណោមរូបថតបីសន្លឹករបស់លោកជាបន្តបន្ទាប់ និងជំរុញឱ្យមានអ្នកគាំទ្របន្ថែមទៀតតាម Twitter, Telegram និង TikTok។ លោកក៏បានបង្ហោះសារជាសំឡេងនៅក្នុងបណ្តាញសង្គម Telegram របស់លោក ដើម្បីជំរុញឱ្យពលរដ្ឋមានការគាំទ្រលើរូបលោកបន្ថែមទៀតផងដែរ។
ថ្ងៃទី៧ ខែកក្កដា៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា។ គ.ជ.ប លើកឡើងថា «ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត»។
ថ្ងៃទី៦ ខែកក្កដា៖ ក្រសួងមហាផ្ទៃ ណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ និងអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត ប្រគល់អត្តសញ្ញាណប័ណ្ណ ដែលខ្លួនបានយកធ្វើជាវត្ថុបញ្ចាំកម្ចី ដើម្បីប្រគល់ត្រឡប់ឱ្យអ្នកខ្ចីវិញ ដើម្បីឱ្យពួកគេអាចយកប្រើប្រាស់សម្រាប់ចូលរួមការបោះឆ្នោត។
នៅក្នុងថ្ងៃដដែលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានរៀបចំព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅខេត្តព្រៃវែង និងជំរុញឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយលោកលើកឡើងថា ការបោះឆ្នោត «គាំទ្រ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលបានចាក់គ្រឹះដ៏រឹងមាំនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣»។ នេះបើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍៕