​​បញ្ជី​ឈ្មោះ​បេក្ខជន​​បង្ហាញថា​ បេក្ខជន​តំណាងរាស្ត្រ​​ជាង​​២០រូប​​មក​​ពី​បក្ស​កាន់អំណាច​គឺ​​ជា​​សាច់​​ញាតិ​​​នឹងគ្នា​​

បញ្ជី​ឈ្មោះ​​បេក្ខជន​​​តំណាងរាស្ត្រ​​​បង្ហាញ​​ថា​ ​​សាច់ញាតិ​ថ្នាក់ដឹកនាំ​​ដ៏​មាន​​ឥទ្ធិពល​​ជាង២០នាក់​​មក​ពី​​គណបក្ស​​ប្រជាជន​​កម្ពុជា​ ដែល​កំពុង​កាន់អំណាច​​​ចូល​​រួម​​​ប្រកួត​​ប្រជែង​​យក​​អាសនៈ​សភា​នៅក្នុង​ការ​​បោះឆ្នោត​​ជាតិ​​នៅ​សប្តាហ៍​នេះ​។​​

គណបក្ស​​ប្រជាជន​​កម្ពុជា​ គឺ​​ជា​​គណបក្ស​​មួយ​​ក្នុង​​ចំណោម​​គណបក្ស​​ចំនួន១៨​ ដែល​​​​នឹង​​ត្រូវ​ចូល​​រួម​​ប្រកួត​​ប្រជែង​​ការ​​​បោះឆ្នោត​​នៅ​​ថ្ងៃ​​អាទិត្យ​​នេះ​ ហើយ​​មាន​​សាច់ញាតិ​​​គ្រួសារ​ចំនួន២៤រូប​​ កំពុង​​ប្រកួត​​​ប្រជែង​​យក​​អាសនៈ​​ក្នុង​​រដ្ឋសភា​។​ មួយ​​ចំនួន​​ធំ​​នៃ​​សាច់ញាតិ​​ទាំង​​នោះ​​​កំពុង​កាន់​​កាប់​​អាសនៈ​​នៅ​​ក្នុង​​សភា​​នា​ពេល​​បច្ចុប្បន្ន​​​ ប៉ុន្តែ​ជាមួយនឹង​ក្តី​រំពឹង​​នៃ​​ការផ្ទេរ​​អំណាច​ វា​នឹង​​រឹតតែ​ធ្វើ​​ឲ្យ​​ការគ្រប់គ្រង​អំណាច​​របស់​ឥស្សរជន​​នយោបាយ​ទាំង​​នោះ​​កាន់តែ​​រឹងមាំ​​បន្ថែម​ទៀត​។​

លោក​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​​ឈរ​​ឈ្មោះ​​ជា​​ថ្មី​​ម្តង​​ទៀត​​នៅ​​​មណ្ឌល​ខេត្ត​​​​កណ្តាល​​ ចំណែក​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​​​អ្នក​​ស្នង​​​តំណែង​​នា​ពេល​​អនាគត​​នោះ​ នឹង​​បង្ហាញ​​ខ្លួន​​ជា​​លើក​​ដំបូង​​ដោយ​​ឈរឈ្មោះ​ជា​​បេក្ខភាព​លេខរៀង​​ទី​​១​ ​សម្រាប់​​មណ្ឌល​​​រាជធានី​​ភ្នំពេញ​​។​លោក​ ហ៊ុន​ ម៉ា​នី​ កូន​​ប្រុស​លោក​ ហ៊ុន​ សែន​ ម្នាក់​​ទៀត​ និង​​លោក​ នឹម​ ច័ន្ទ​​តារា​ ដែល​​ត្រូវ​​ជា​​ប្អូន​​​ថ្លៃ​​របស់​លោក​ ហ៊ុន​ សែន​ នឹង​​បន្ត​ប្រកួត​​​ប្រជែង​​ ដើម្បី​​រក្សា​​អាសនៈ​​ប​​ច្ចុ​ប្ប​ន្ន​​​នៅ​​ខេត្ត​​កំពង់ស្ពឺ​ និង​​កំពត​​រៀង​​ខ្លួន​។​ លោក​ ច័ន្ទ​​តារា​ រៀបការ​​ជាមួយ​​លោក​​ស្រី​ ហ៊ុន​ ស៊ី​ណាត​ ជា​​ប្អូនស្រី​លោក​​ ហ៊ុន​ សែន​​។​

លោក​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​មក​ប្រកួត​ប្រ​​ជែង​​ម្តង​ទៀត​សម្រាប់​​មណ្ឌល​​ខេត្តបាត់ដំបង​ ទី​​ដែល​លោក​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​​បាត់ដំបង​ ចំណែក​លោក​ ស​ សុខា​ ​ជា​​កូនប្រុស​របស់​លោក​ នឹង​ស្វែងរក​កៅអី​តំណាង​រាស្រ្ត​សម្រាប់​​មណ្ឌល​​ខេត្តព្រៃវែង​។​

​លោក​ យឹម​ ឆៃ​លី​ ជា​​ឧបនាយក​រដ្ឋមន្ត្រី​​មួយ​រូប​​ទៀត​ នឹង​​​ប្រកួតប្រជែង​​​នៅ​​ខេត្ត​​កំពង់ចាម​ ចំណែក​​​កូន​​ប្រុស​​របស់​​លោក​​ គឺ​​លោក​ យឹម​ លាត​ ឈរ​​ឈ្មោះ​ប្រកួត​​ប្រជែង​​​សម្រាប់​​អាសនៈ​​នៅ​​ខេត្ត​​កំពង់ធំ​។​ យឹម​ ឆៃ​លីន​ ជា​កូន​​ស្រី​របស់​​លោក​ យឹម​ ឆៃ​លី​ រៀប​​ការ​​ជាមួយ​​លោក​ ហ៊ុន​ ម៉ា​នី​ កូនប្រុស​​របស់​​លោក​ ហ៊ុន​ សែន​​។​​

លោក​ កែ​ គឹ​មយ៉ា​ន​ ឧបនាយក​រដ្ឋ​មន្រ្ដី​ម្នាក់ទៀត​ គឺ​​ជា​បេក្ខភាព​នៅ​​ខេត្ត​បន្ទាយមានជ័យ​ ហើយ​​លោក​​នឹង​​ចូលរួម​ជាមួយ​​កូនប្រុស​របស់​លោក​​ឈ្មោះ​​ កែ​ សួន​សុភាព​ ដែល​ស្ថិត​ក្នុង​បញ្ជី​បម្រុង​សម្រាប់​ខេត្ត​ភាគ​ពាយ័ព្យ​។​ កូនស្រី​របស់​​លោក​ កែ​ គឹ​មយ៉ា​ន​ ឈ្មោះ​ កែ​ សួន​សុភី​​ គឺជា​​ភរិយា​​របស់​​លោក​ ស​ សុខា​ ហើយ​គ្រួសារ​​​ទាំងពីរ​ត្រូវ​បាន​គេ​ឃើញ​ធ្វើ​យុទ្ធនាការ​រួមគ្នា​កាលពី​ចុង​សប្តាហ៍​មុន​។​

លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​​ក្រសួង​រៀប​​ចំ​​​ដែនដី​និង​​​កូនប្រសា​ររបស់​​លោក​គឺ​​លោក​​ អ៊ា​ង​ សុ​ផល្លែ​ត​ ដែល​​ជា​​ជំនួយការ​​លោក​ ហ៊ុន​ សែន​ នឹង​​ប្រជែង​​យក​​អាសនៈ​នៅ​​​ខេត្ត​​ត្បូងឃ្មុំ​ ចំណែក​​រដ្ឋមន្ត្រី​​ក្រសួង​​ការ​​បរទេស​​លោក​ ប្រាក់​ សុ​ខុន​ អាច​​នឹង​​រួម​​ដំ​​ណើរ​​ជាមួយ​​​ភរិយា​​លោក​ គឺ​​លោកស្រី​​ ខេង​ សំ​វ៉ា​ដា​ ចូល​​ទៅ​​​​រដ្ឋសភា​ ប្រសិនបើ​លោក​​​ទាំងពីរ​​ឈ្នះ​អាសនៈ​​​នៅ​​ខេត្តកណ្តាល​និង​ខេត្ត​​​កំពង់​ស្ពឺ​រៀង​ៗ​ខ្លួន​។​

លោក​ ទៀ​ បាញ់​ នឹង​ត្រូវ​អមដំណើរ​ដោយ​កូនប្រុស​គឺ​​លោក​ ទៀ​ សីហា​ ដើម្បី​​ប្រជែង​​យក​​អាសនៈ​​នៅ​​មណ្ឌល​​ខេត្តសៀមរាប​ ។​ បច្ចុប្បន្ន​ លោក​ ទៀ​ សីហា​ គឺ​​ជា​​អភិបាល​​ខេត្ត​​សៀមរាប​ ហើយ​​នឹង​​ត្រូវ​​បោះបង់​​តំណែង​​នោះ​ ប្រសិន​​បើ​​លោក​​ជ្រើសរើស​​ចូល​​ក្នុង​​រដ្ឋសភា​។​

សហសេវិក​​យូរអង្វែង​​ម្នាក់ទៀត​​របស់​​លោក​​ ហ៊ុន​ សែន​ គឺ​​លោក​​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​កូនស្រី​របស់​​លោក​​ឈ្មោះ​​ ចម​ និម្មល​ រដ្ឋ​លេខាធិ​​ការ​​​​​ក្រសួង​ពាណិជ្ជកម្ម​ នឹង​ប្រកួតប្រជែង​សម្រាប់​​អាសនៈ​នៅ​​ខេត្ត​​ក្បែរ​​ខាង​គ្នា​​គឺ​ខេត្ត​​កែប​និង​កំពត​។​

លោក​ ឆាយ​ រិទ្ធី​សែន​ គឺជា​កូនប្រុស​របស់​លោក​ ឆាយ​ ថន​ រដ្ឋមន្ត្រី​ក្រសួង​ផែន​​ការ​​ ហើយ​ពួកគាត់​​ឈរ​​ឈ្មោះ​​សម្រាប់​​ខេត្ត​ត្បូងឃ្មុំ​ និង​កំពង់​ស្ពឺ​រៀង​ៗ​ខ្លួន​។​

លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ដែល​ឈរ​នៅ​លេខរៀង​​លើ​​គេ​​ក្នុង​បញ្ជី​បេក្ខជន​ខេត្ត​កំពង់ឆ្នាំង​ ចូលរួម​ជាមួយ​​កូនប្រុស​ឈ្មោះ​ អ៊ុ​ក​ ពញ្ញា​ ដែល​ទើបតែ​ជាប់​ក្នុង​បញ្ជី​បេក្ខជន​​បម្រុង​។​

ហើយ​ចុងក្រោយ​នេះ​គឺ​​លោក​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ ជាមួយ​កូ​នប្រ​សារ​​របស់​​លោក​​ គឺ​​លោក​​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នឹង​ប្រកួតប្រជែង​​សម្រាប់​​អាសនៈ​​នៅ​​មណ្ឌល​​ខេត្ត​ត្បូងឃ្មុំ​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​