មន្ត្រី​​៤រូប​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​ជំនួយ​​ការ​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ សែន​

ព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី​ចំនួន​ ៤រូប​ ជា​ជំនួយការ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

យោង​តាម​ព្រះរាជ​ក្រឹត្យ​​ ចុះ​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅក្នុង​សៀវភៅ​រាជកិច្ច​ លេខ៩៣​ ទំព័រ១១៤៣១​ និង​​ចេញផ្សាយ​​ដោយ​​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នៅ​​ថ្ងៃទី​​១៤​​ មិថុនា​ ឆ្នាំ២០២៣​ ព្រះមហាក្សត្រ​ បាន​ត្រាស់​ដំឡើង​​ឋានៈ​ លោក​ ឃ្លាំង​ ហួត​ លោក​ នុ​ត​ ពុធ​ដារ៉ា​ លោក​ ក្រូច​ ផាន​ និង​​លោកស្រី​ កែវ​ ច័ន្ទ​ស៊ុន​​ណា​រី​ ជា​ជំនួយការ​នាយក​រដ្ឋមន្ត្រី​ ដែល​ក្នុង​នោះ​មាន​មន្ត្រី​ជា​បុរស​ចំនួន​ ៣រូប​ មាន​ឋានៈ​ស្មើរ​ដ្ឋ​លេខាធិការ​ និង​មន្ត្រី​ជា​ស្ត្រី​មួយ​រូប​ មាន​ឋានៈ​ស្មើ​​ អគ្គនាយក​​។​

គួរ​បញ្ជាក់​ថា​ លោក​ ឃ្លាំង​ ហួត​ ដែល​ជា​អតីត​​អភិបាលខណ្ឌ​ជ្រោយ​ចង្វា​រ​​ ត្រូវ​បាន​រដ្ឋាភិបាល​​តែងតាំង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២២​ ខណៈ​លោក​ នុ​ត​ ពុធ​ដារ៉ា​ ដែល​ជា​អតីត​​អភិបាល​​ខណ្ឌដង្កោ​ ត្រូវ​​បាន​ឡើង​ដំណែង​ជា​អភិបាលរងខេត្ត​ក្រចេះ​កាលពី​ខែធ្នូ​ ឆ្នាំ​​២០១៩​​។​ លោក​​ក៏​ត្រូវ​បាន​​រដ្ឋាភិបាល​សម្រេច​ផ្ទេរ​ទៅកាន់​តំណែង​ជា​អភិបាល​​រង​​ខេត្តកណ្តាល​​វិញ​ កាលពី​អំឡុង​ខែមីនា​ ឆ្នាំ២០២០​។​

ចំណែក​ លោក​ ក្រូច​ ផាន​ ជា​ប្រធាន​ក្រុមប្រឹក្សា​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណៈ​លោកស្រី​ កែវ​ ច័ន្ទ​ស៊ុន​ណា​រី​ ជា​អភិបាលរង​ខណ្ឌ​ជ្រោយ​ចង្វា​រ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​