គណបក្សនយោបាយពីរ មន្រ្តីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិរួមទាំងអង្គ ទូតនានាបានបញ្ចេញប្រតិកម្មផ្សេងៗគ្នាជុំវិញសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)និងក្រុមប្រឹក្សាធម្មនុញ្ញចំពោះ ការបដិសេធ មិនចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ប្រតិកម្មនេះ បានកើតឡើងក្រោយពី គ.ជ.ប កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ប្រកាសបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន ដោយមូលហេតុ គណបក្សនេះ មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពី ការចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាល រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញ ចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំ ណាងរាស្ត្រកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
ក្រោយការសម្រេចនេះ គណបក្សចំនួន២ រួមមាន គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានសម្ដែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្ដីសម្រេចរបស់ គ.ជ.ប. ។
ក្នុងនោះ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ យល់ឃើញថា ការបដិសេធការចុះ បញ្ជីគណ បក្សភ្លើងទៀននេះ គឺជាបញ្ហាបច្ចេកទេស ដែល មានភាពស្មុគស្មាញ ទាក់ទិន នឹងទម្រង់នៃឯកសារគតិយុត្តិ។ គណបក្សនេះ ក៏ជំរុញឱ្យក្រសួងមហាផ្ទៃគួរ តែចេញលិខិតជូនគណបក្សភ្លើងទៀន តាមតម្រូវការរបស់ គ.ជ.ប. សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនេះ។
ដោយឡែកគណបក្សនយោបាយចំនួន ១០ផ្សេងទៀតបានចេញសេចក្ដីថ្លែង ការណ៍គាំទ្រចំពោះការសម្រេចរបស់គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញដែល បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀននៅក្នុងបញ្ជីប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន VOA ចេញផ្សាយថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២៣ ។
ចំណែក អង្គការសង្គមស៊ីវិល សមាគម និងសហជីព ចំនួន២២ បានបង្ហាញការ សោកស្ដាយចំពោះការបាត់បង់សិទ្ធិចូលរួមប្រកួតប្រជែងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៧ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយសារតែនីតិវិធីបំពេញបែបបទ ដែលជាឧបសគ្គដល់គណបក្សទាំងពីរ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។
សេចក្ដីថ្លែងការណ៍រួមនេះ បានគូសបញ្ជាក់ថា កន្លងមក គ.ជ.បធ្លាប់បានអនុវត្ត សម្រាប់ការបោះឆ្នោតជាច្រើនដងមកហើយដោយយកត្រឹមតែសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ហើយជាក់ស្តែង គណបក្សភ្លើងទៀន ធ្លាប់ត្រូវបាន គ.ជ.បអនុញ្ញាតឱ្យប្រើប្រាស់លិខិតថតចម្លង នៃការចុះបញ្ជីនៅក្រសួងមហាផ្ទៃចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពី ឆ្នាំ២០២២ រួមទាំងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាស្រុក ក្រុង ដែលទើបបង្កើតថ្មី នាដើមខែមេសា ឆ្នាំ២០២៣នេះផងដែរ។
ចំណែកសេចក្តីថ្លែងការណ៍រួមរបស់អង្គការអន្តរជាតិចំនួន២ផ្សេងទៀត រួមមាន សេចក្តីថ្លែងការណ៍រួមរបស់វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA)និងអង្គការសម្ព័ន្ធភាពពិភពលោកសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ (CIVICUS) ក៏បានថ្កោលទោសចំពោះការសម្រេចរបស់ គ.ជ.ប. នេះផងដែរ ដោយថា ការសម្រេចបែបនេះជាការបំផ្លាញសិទ្ធិពលរដ្ឋខ្មែរក្នុងការ ជ្រើសរើសតំណាងរបស់ពួកគេ។
ទាំងFORUM-ASIA និង CIVICUS ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាឈប់ប្រើប្រព័ន្ធ ច្បាប់ ដើម្បីកម្ទេចគណបក្សប្រឆាំងជាពិសេសនៅមុនការបោះឆ្នោត ហើយ រដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តតាមអនុសាសន៍ដែលធ្វើឡើងដោយយន្តការអន្តរជាតិសម្រាប់ការការពារសិទ្ធិមនុស្សនិងលំហស៊ីវិលនៅក្នុងប្រទេស។
ក្រៅពីអង្គការសង្គមស៊ីវិលជាតិក៏មានប្រតិកម្មពីសហគមន៍អន្តរជាតិនានាដែលបានចេញមុខមករិះគន់ធ្ងន់ៗដល់កម្ពុជាផងដែរនេះបើយោងតាមវិទ្យុបារាំងអន្តរជាតិ RFI ចេញផ្សាយថ្ងៃទី១៨ ខែឧសភា ២០២៣ ។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាក ញ្ញា Stephanie Arzate បានបង្ហាញប្រតិកម្មតាមរយៈប្រព័ន្ធសារអាឡិចត្រនិចថា ការសម្រេចបដិសេធ ការចុះឈ្មោះគណបក្សភ្លើងទៀនដោយចោទថា មិនបានបំពេញឯកសារត្រឹម ត្រូវនោះធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមុនការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣។
សហភាពអឺរ៉ុប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ក៏បានចេញសេចក្ដីសម្រេច មួយដោយអំពាវនាវឱ្យអាជ្ញាធរបញ្ចប់រាល់ទម្រង់នៃការយាយីការបំភិតបំភ័យនិងការចោទប្រកាន់ពីបទឧក្រិដ្ឋដោយហេតុផលនយោបាយលើសមាជិកគណបក្សប្រឆាំង។
សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ក៏បានព្រមានថា ការព្យួរបន្ថែមទៀតនូវប្រ ព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» របស់កម្ពុជាអាចកើតមាន «ប្រសិនបើការបោះឆ្នោតឆ្នាំ២០២៣ មិនស្របនឹងស្តង់ដារអន្តរជាតិ ឬការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន»៕