លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដំឡើងឋានន្តរស័ក្ដិដល់មន្ត្រីរាជការជាង ១០០នាក់ ក្នុងនោះក៏មានលោក ស៊ុយ ឌីម៉ង់ កូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលផងដែរ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ (សៀវភៅរាជកិច្ច ៧៥ ទំព័រ ៩២៤២) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច ដំឡើងឋានន្តរស័ក្ដិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន៨៦រូប នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងរ៉ែ និងថាមពល ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ក្នុងនោះមាន លោក ស៊ុយ ឌីម៉ង់ ផងដែរ។ ក្រៅពីនោះអនុក្រឹត្យដដែល ក៏បានសម្រេចដំឡើងឋានន្តរស័ក្ដិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន៦៨រូប នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៅក្រសួងរ៉ែ និងថាមពល ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។
អនុក្រឹត្យ បញ្ជាក់ថា លោក ស៊ុយ ឌីម៉ង់ ដែលជាកូនរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវបានរដ្ឋាភិបាលដំឡើងឋានន្តរស័ក្ដិពីវរមន្ត្រី ថ្នាក់លេខ២ មកជាថ្នាក់លេខ១ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។
លោក ស៊ុយ ឌីម៉ង់ ទទួលបានការតែងតាំងតំណែងជារដ្ឋលេខាធិការ នៅក្នុងក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈឆ្នាំ២០១៤ លោក ស៊ុយ ឌីម៉ង់ ក៏ជាអ្នកនាំពាក្យក្រសួងរ៉ែក្នុងមុខងារជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ដែលផ្នែកនេះទទួលខុសត្រូវលើផ្នែករដ្ឋបាល
ព័ត៌មានវិទ្យា ផ្នែកបុគ្គលិក គណនេយ្យ ហិរញ្ញវត្ថុ សហប្រតិបត្តិការ និងកិច្ចការអាស៊ាន និងនីតិកម្ម៕