នៅក្នុងប្រទេសកម្ពុជា ដីគឺជាអំណាចដ៏សំខាន់។ សម្រាប់អ្នកដែលស្ថិតនៅលំដាប់កំពូលៗ ដីត្រូវបានប្រើប្រាស់ទៅលើអាជីវកម្មស្ករ និងកៅស៊ូ ការអភិវឌ្ឍនានា លុយ និងឋានៈជាដើម។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលស្ថិតក្នុងលំដាប់ទាប ដីគឺត្រូវបានចាត់ទុកថាជាមរតកដ៏សំខាន់ សម្រាប់គ្រួសារ ជីវភាព និងជីវិតរបស់ពួកគេ។
ក្នុងអំឡុងរបបរបស់ខ្លួនចាប់ពីឆ្នាំ ១៩៧៥-១៩៧៩ ខ្មែរក្រហម បានលុបចោលកម្មសិទ្ធិដីធ្លី និងបង្ខំឱ្យមានការធ្វើចំណាកស្រុកផ្ទៃក្នុងទ្រង់ទ្រាយធំ ដែលករណីនេះ បានធ្វើឱ្យអ្នកដែលរស់រានមានជីវិតនៅកម្ពុជា គ្មានជម្រើសអ្វីក្រៅពីការទាមទារទឹកដីកំណើតរបស់ពួកគេឡើងវិញ ឬតាំងទីលំនៅថ្មីនៅកន្លែងថ្មីនោះទេ។ ចាប់តាំងពីពេលនោះមក ពោលគឺនៅពេលដែលប្រទេសនេះ បានកសាងសេដ្ឋកិច្ច រដ្ឋាភិបាល និងអត្តសញ្ញាណរបស់ខ្លួនឡើងវិញ ដីធ្លីបានក្លាយជាសមរភូមិដ៏ធំបំផុតមួយ ខណៈជម្លោះតែងតែកើតឡើងជាញឹកញាប់លើកសិករ ឧកញ៉ា និងអ្នកជាប់ពាក់ព័ន្ធដទៃទៀត។
គិតចាប់តាំងពីគម្រោង «កំណត់ត្រា» ត្រូវបានបង្កើតឡើង ក្នុងនោះមានវិវាទដីធ្លីសរុបចំនួន ១២០ នៅទូទាំងប្រទេស ត្រូវបានកំណត់អត្តសញ្ញាណចេញពីរបាយការណ៍ព័ត៌មាននៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ជាមួយនឹងហេតុការណ៍ជាង ២៦០ រួមមាន ការដាក់ញត្តិ ការតវ៉ា ការចាប់ខ្លួន ឬការអន្តរាគមន៍របស់រដ្ឋាភិបាលជាដើម។
បើទោះបីជាវាមិនអាចទៅរួចក្នុងការកត់ត្រារាល់ជម្លោះទាំងអស់នៅទូទាំងប្រទេស ប៉ុន្តែភស្តុតាងដែលមាន គឺបានបង្ហាញពីនិន្នាការយ៉ាងច្បាស់លាស់។ ទីមួយ ខណៈពេលដែលវិវាទដីធ្លីកើតឡើង រចនាសម្ព័ន្ធអំណាចរបស់កម្ពុជា បានបង្ហាញថា អ្នកដែលមានធនធានតិចជារឿយៗ ត្រូវប្រឈមមុខនឹងអ្នកដែលមានធនធានច្រើន។ ទីពីរ ដោយសារតែប្រវត្តិកម្មសិទ្ធិដីធ្លីរបស់ប្រទេស ជម្លោះខ្លះបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលធ្វើឱ្យប្រវត្តិសាស្ត្ររបស់ពួកគេពិបាកនឹងដោះស្រាយ ហើយដូច្នេះវាកាន់តែធ្វើឱ្យជម្លោះកាន់តែពិបាកដោះស្រាយថែមទៀត។ ទីបី ដោយសាររបបនយោបាយកាន់តែមាននិន្នាការលម្អៀងទៅរកក្រុមឥស្សរជនជាន់ខ្ពស់ សកម្មភាពពីសហគមន៍ក្នុងតវ៉ា ជារឿយៗត្រូវបានប្រឈមមុខជាមួយនឹងបទឧក្រិដ្ឋ ការវាយដំ ការចាប់ខ្លួន និងករណីខ្លះអាចឈានដល់ការស្លាប់បាត់បង់ជីវិតថែមទៀតផង។
ចំណុចដ៏គួរឱ្យចាប់អារម្មណ៍នៃភាពជាម្ចាស់ដីធ្លី
តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា បានហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតដល់ខ្ទង់រាប់ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់នៅកណ្តាលរាជធានីភ្នំពេញ ខណៈតម្លៃនេះក៏មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ឆ្ងាយពីទីក្រុងផងដែរ។ ដំណឹងនានាអំពីការអភិវឌ្ឍក្នុងទីតាំងថ្មី នឹងធ្វើឱ្យអ្នកវិនិយោគទាំងឡាយនាំគ្នាសម្រុកទិញដីរាប់រយហិកតា ឬស្នើសុំសម្បទានដីសេដ្ឋកិច្ចសម្រាប់ការជួលរយៈពេលវែង។
ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គមួយដែលរារាំងក្នុងសកម្មភាពនេះ គឺពលរដ្ឋដែលបច្ចុប្បន្នប្រើប្រាស់ អាស្រ័យផល និងរស់នៅលើទ្រព្យសម្បត្តិថ្មីរបស់អ្នកវិនិយោគ។ ក្នុងករណីមួយចំនួន ប្រជាពលរដ្ឋអាចទាមទារកម្មសិទ្ធិរបស់ពួកគេមកវិញ ក្នុងរយៈពេលច្រើនទសវត្សរ៍ សូម្បីតែប័ណ្ណកម្មសិទ្ធិដីធ្លីពីទសវត្សរ៍ឆ្នាំ ១៩៨០ ឬ ១៩៩០ ដែលដូចទៅនឹងករណីរាប់សិបគ្រួសារប្រឈមនឹងការបណ្តេញចេញនៅបឹងទំពន់ រាជធានីភ្នំពេញ សម្រាប់គម្រោងអាងស្តុកទឹកមួយ។ សម្រាប់អ្នកដែលមានភ័ស្តុតាងបញ្ជាក់ការស្នាក់នៅក្នុងទីតាំងនោះ ក្នុងរយៈពេលយូរ គឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់ នេះបើតាមច្បាប់កម្ពុជា។
ទោះជាយ៉ាងណា ឧកញ៉ាមួយចំនួនដែលការអភិវឌ្ឍរបស់ពួកគេត្រូវបានគាំទ្រដោយមន្រ្តីអនុវត្តច្បាប់ គឺហាក់មិនសូវមានការព្រួយបារម្ភចំពោះករណីនេះឡើយ។
នៅពេលដែលប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានការតវ៉ាចំពោះអ្វីដែលពួកគេចាត់ទុកថាជាការផ្ដល់សំណងទាបដែលផ្តល់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានយកដីរបស់ពួកគេសម្រាប់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនោះ សមត្ថកិច្ច និងមន្រ្តីកងរាជអាវុធហត្ថ បានបំផ្លាញផ្លូវក្នុងភូមិរបស់ពួកគេ។ ក្នុងករណីស្រដៀងគ្នាមួយ សមត្ថកិច្ចក៏ត្រូវបានកោះហៅឱ្យទៅបណ្តេញប្រជាពលរដ្ឋចេញពីដីដែលផ្តល់ឱ្យក្រុមហ៊ុន Pacific Joint-Stock ក្នុងខេត្តមណ្ឌលគិរី ដែលជាខ្សែសង្វាក់មួយស្រដៀងទៅនឹងសម្បទានដីសេដ្ឋកិច្ច ដែលគ្រប់គ្រងដោយដៃគូអាជីវកម្មកម្ពុជា និងបរទេសនានា។
បើទោះជាយ៉ាងនេះក្តី ឧកញ៉ាមួយចំនួននៅតែបន្តលេបត្របាក់យកនូវអ្វីទាំងឡាយដែលពួកគេអាចយកបាន ដោយករណីនេះក៏បានធ្វើឱ្យដីឡូតិ៍ជាច្រើនកន្លែងត្រូវបានទុកចោល និងគ្មានការអភិវឌ្ឍអស់ជាច្រើនឆ្នាំ។ ជាក់ស្ដែង ចម្ការអំពៅរបស់ជនជាតិចិនចំនួន ៦កន្លែង នៅខេត្តព្រះវិហារ ត្រូវបានទុកឱ្យកសិករខ្នាតតូចចាប់ផ្តើមដាំដំណាំរបស់ពួកគេឡើងវិញ។ សហគមន៍ផ្សេងទៀតក៏បានតស៊ូរស់នៅ និងធ្វើស្រែចម្ការក្នុងផ្នែកខ្លះនៃដីសម្បទានរបស់ឧកញ៉ា ដែលមិនបានប្រើប្រាស់ ដែលមានដូចជា ចម្ការខេត្តកោះកុង និងកំពង់ស្ពឺ ដែលត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយ អ្នកឧកញ៉ា លី យ៉ុងផាត់ ឬបរិវេណរមណីយដ្ឋានដ៏ធំរបស់ក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប នៅឆ្នេរសមុទ្រខេត្តកោះកុង។ ករណីនេះអនុញ្ញាតឱ្យសហគមន៍អាចបន្តការទាមទាររបស់ពួកគេ ឬសំណង ប៉ុន្តែវាក៏បង្កឱ្យមានជាហានិភ័យខ្ពស់ និងអសន្តិសុខផ្ទាល់ខ្លួនផងដែរ។
អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី
ជម្លោះក្រុមហ៊ុនផេសុីហ្វិកយ៉ញស្ដុក
ជម្លោះស្ករអំពៅក្រុមហ៊ុនចិនខេត្ដព្រះវិហារ
ជម្លោះស្ករអំពៅ លី យ៉ុងផាត់
ជម្លោះដីធ្លី UDG ខេត្ដកោះកុង
ពីជម្លោះកើតឡើងភ្លាមៗរហូតក្លាយជាជម្លោះរាប់ទសវត្សរ៍
វិវាទដីធ្លីមួយចំនួន បានផ្ទុះឡើងយ៉ាងឆាប់រហ័ស និងបញ្ចប់ទៅវិញយ៉ាងលឿន តាមរយៈការផ្ដល់សំណង ឬដំណោះស្រាយនានា។ ទោះជាយ៉ាងណា ករណីជាច្រើនផ្សេងទៀត ក៏ត្រូវបានធ្លាក់ចូលទៅក្នុងភាពជាប់គាំងយូរអង្វែង ដោយបន្សល់ទុកនូវការមិនពេញចិត្តផងដែរ។
ជាឧទាហរណ៍ សហគមន៍ជនជាតិដើមភាគតិចវៀតណាមដែលមានចំនួនប្រមាណជា ៤០០នាក់ រស់នៅតាមច្រាំងទន្លេក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងនោះជម្លោះនៃការបណ្តេញចេញបានកើតមានឡើងត្រឹមរយៈពេលតែមួយយប់ប៉ុណ្ណោះ។ នៅថ្ងៃមួយ ក្នុងខែមិថុនា ឆ្នាំ ២០២១ អាជ្ញាធរបានចុះទៅកាន់សហគមន៍ ហើយបាននិយាយថា ការរស់នៅរបស់ពួកគេ បានធ្វើឱ្យបំពុលដល់ទឹកទន្លេ និងបានទុកពេលឱ្យពួកគេមួយសប្តាហ៍ដើម្បីចាកចេញ ដែលធ្វើឱ្យអ្នកភូមិមានការភ្ញាក់ផ្អើលជាខ្លាំង។
ជម្លោះផ្សេងទៀតបានកើតឡើងជាបន្តបន្ទាប់ ដែលក្នុងនោះមានមួយចំនួនបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍។ នៅក្នុងតំបន់ឧទ្យានអង្គរ ខេត្តសៀមរាប ពលរដ្ឋត្រូវបានគេជូនដំណឹងអស់រយៈពេលជាច្រើនឆ្នាំដោយថា ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងតំបន់បេតិកភណ្ឌបុរាណដែលត្រូវបានការពារដោយអង្គការយូណេស្កូទៀតឡើយ។ ដំបូងឡើយ អាជ្ញាធរជាតិអប្សរា បានធ្វើការរុះរើតូប និងផ្ទះសម្បែង ក្នុងទ្រង់ទ្រាយតូច មុនពេលចាប់ផ្តើមផែនការរុះរើរយៈពេលវែង ដែលបានបង្កឱ្យមានជាការតវ៉ាទ្រង់ទ្រាយធំ។
ការតាំងទីលំនៅថ្មីដែលមានការរៀបចំ ពេលខ្លះក៏មិនអាចបញ្ចប់ជម្លោះផងដែរ ហើយថែមទាំងធ្វើឱ្យជម្លោះនោះកាន់តែធ្ងន់ធ្ងរថែមទៀតផង។ ជាឧទាហរណ៍ អ្នកភូមិមួយចំនួនដែលរស់នៅក្នុងទីតាំងភូមិដែលរៀបចំថ្មីរបស់ក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប ក្នុងខេត្តកោះកុង បានលើកឡើងថា ផ្ទះត្រូវបានសាងសង់ឡើងមិនសូវមាំល្អ ហើយពួកគេក៏មិនអាចដាំដំណាំអ្វីនៅលើដីទាំងនោះបានផងដែរ។
ប្រព័ន្ធបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) របស់ធនាគារពិភពលោក មានបំណងដោះស្រាយវិវាទដែលមានរយៈពេលយូរ និងធានាឱ្យបានថាប្រជាពលរដ្ឋទទួលបានដី។ ប៉ុន្តែ នៅក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋបានលើកឡើងថា ផ្ទះដែលត្រូវចែកជូនពួកគាត់ក្នុងឆ្នាំ២០១៩ មិនបានទៅដល់ប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដនោះទេ។
ចំណុចសំខាន់នៃជម្លោះដីធ្លីដែលផ្ទុះឡើងយ៉ាងឆាប់រហ័ស និងរយៈពេលវែង គឺកើតឡើងដោយសារតែកង្វះតម្លាភាពរបស់រដ្ឋាភិបាល និងឯកសារមិនច្បាស់លាស់។ កម្មសិទ្ធិដីធ្លីនៅកម្ពុជាមិនត្រូវបានកំណត់ច្បាស់លាស់នោះទេ ដោយប្រជាពលរដ្ឋអាចធ្វើប័ណ្ណកម្មសិទ្ធដីធ្លីនៅតាមទីតាំងផ្សេងៗគ្នា ដែលកម្រនឹងមានព័ត៌មានដូចគ្នាណាស់ ខណៈការទាមទារស្របច្បាប់របស់អ្នករស់នៅយូរឆ្នាំ ក្រោមច្បាប់ភូមិបាល នៅតែពិបាកក្នុងការបញ្ជាក់ ប្រសិនបើមិនមានការអើពើ។
សម្រាប់ទិន្នន័យរបស់យើងបង្ហាញថា ក្នុងចំណោមជម្លោះសកម្មចំនួន ១២០ ដែលបានរាយការណ៍ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ក្នុងនោះមានជម្លោះយ៉ាងហោចណាស់ចំនួន៤ គឺមានតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ខណៈ ១៧ផ្សេងទៀត បានចាប់ផ្តើមនៅចន្លោះឆ្នាំ២០០០ និងឆ្នាំ២០១០ ហើយជិតមួយភាគប្រាំនៃជម្លោះសរុប គឺកើតឡើងចាប់តាំងពីការចាប់ផ្តើមនៃគេហទំព័រនេះឡើង។ ក្នុងចំណោមបួនភាគប្រាំដែលនៅសល់ ក្នុងនោះមាន ៥២% បានចាប់ផ្តើមក្នុងរយៈពេល ៥ឆ្នាំកន្លងមក។
ការជម្លៀសជនជាតិវៀតណាម – ព្រែកព្នៅ
ការជម្លៀសប្រជាជនពីតំបន់អង្គរ ដូរទៅរុនតាឯក
គម្រោងឡាសាតឃុំដូង
ឆ្នាំនៃការចាប់ផ្តើម
ជម្លោះដីធ្លីដែលបានកើតឡើងកំឡុងឆ្នាំ២០១៩-២០២៣
ឧក្រិដ្ឋកម្មដែលមានលើអ្នកតវ៉ា
នៅទូទាំងប្រទេស ពលរដ្ឋមានការតវ៉ាប្រឆាំងនឹងការបណ្ដេញចេញ និងការកាត់ដីជាច្រើន ដោយពួកគេបានលើកឡើងថា ជាការលួចផ្ទះ ឬទីតាំងប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ។
អាជ្ញាធរជារឿយៗតែងតែប្រើប្រាស់ការចោទប្រកាន់ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ឬ «បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលចែងចាប់ពីមាត្រា៤៩៤ ដល់ ៤៩៧ ក្នុងក្រមព្រហ្មទណ្ឌ ប្រឆាំងនឹងអ្នកតវ៉ាជម្លោះដីធ្លី។ បទល្មើសទាំងនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងទណ្ឌកម្មមិនច្បាស់លាស់ផ្សេងទៀត ដែលមានដូចជាការបាត់បង់សិទ្ធិជាក់លាក់ជាដើម។ បទចោទប្រកាន់ញុះញង់ ក៏ត្រូវបានលើកឡើងប្រឆាំងនឹងសកម្មជនដីធ្លីមួយក្រុមនៅតំបន់បឹងតាមោកផងដែរ។
ច្បាប់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបានប្រើប្រាស់ប្រឆាំងនឹងបាតុករផងដែរ។ ក្នុងឆ្នាំ២០២១ កន្លងទៅ ប្រជាពលរដ្ឋខេត្តស្វាយរៀង ត្រូវបានផាកពិន័យក្នុងម្នាក់ប្រមាណជា ១ ០០០ដុល្លារ ចំពោះការបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហាញពីរូបភាពនៃការប្រមូលផ្តុំមួយរបស់ក្រុមអ្នកតវ៉ានៅវាលស្រែ ដែលត្រូវបានអាជ្ញាធរចាត់ទុកថាជាការរំលោភលើវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងសប្តាហ៍ដដែលនោះ ក្រុមអ្នកតវ៉ាចំនួន ៤នាក់ដែលទាមទារសំណងពីការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិថ្មីរបស់រាជធានីភ្នំពេញ ក៏ត្រូវបានបង្ខំឱ្យដាក់នៅដាច់ដោយឡែកពីគេ ក្រោមហេតុផលទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេបានជួបជុំគ្នាដាក់ញត្តិ។ សម្រាប់ករណីនេះ ក្រុមគ្រួសាររបស់ពួកគេបានចោទអាជ្ញាធរថាបានព្យាយាមបំបិទការតវ៉ា។
សហគមន៍ជនជាតិដើមភាគតិច ហាក់ងាយរងគ្រោះក្នុងករណីជាច្រើន ក្នុងនោះ ស្ត្រី ៣រូប មកពីខេត្តមណ្ឌលគិរី ដែលជាជនជាតិដើមភាគតិចពូនង ត្រូវបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរបស់តុលាការតាំងពីឆ្នាំ២០២០ បន្ទាប់ពីពួកគេបានរុះរើបង្គោលរបងលើទ្រព្យសម្បត្តិក្រុមហ៊ុន ខណៈពួកគេព្យាយាមការពារដីកេរដូនតា។ ក្នុងខែមិថុនា ឆ្នាំ២០២២ សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅជំនុំជម្រះឡើងវិញ ដោយព្រះរាជអាជ្ញាបានលើកឡើងថា ការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ទៅលើពួកគេ ត្រូវបានព្យួរដោយសារតែស្ត្រីទាំងនោះមានការអប់រំតិចតួច។
អាជ្ញាធរក៏បានប្រើមធ្យោបាយក្រៅច្បាប់ ដើម្បីបំភិតបំភ័យបាតុករផងដែរ។ កាលពីខែធ្នូ ឆ្នាំ ២០២២ មន្រ្តីកងរាជអាវុធហត្ថត្រូវបានចោទប្រកាន់ថា បានចូលទៅកាន់ភូមិមួយក្បែរចំការកៅស៊ូក្នុងខេត្តឧត្តរមានជ័យ ហើយវាយដំពលរដ្ឋដោយប្រើប្រាស់ដំបងដែក ដែលក្នុងនោះក៏បានបណ្តាលឱ្យពលរដ្ឋយ៉ាងហោចណាស់ម្នាក់ បានបាត់បង់ស្មារតី និងហូរឈាមស្រោចពេញខ្លួន និងដុតផ្ទះសម្បែងរបស់ពួកគេអស់ផងដែរ។
នៅក្នុងតំបន់ព្រៃ ខេត្តកំពង់ស្ពឺ អ្នកភូមិបានចោទប្រកាន់ទាហានថាបានវាយដំពួកគេ បំផ្លាញទ្រព្យសម្បត្តិ និងបាញ់ប្រហារទៅលើពួកគេ មុនពេលដុតបំផ្លាញខ្ទមរបស់ព្រះសង្ឃដែលស្នាក់នៅការពារព្រៃឈើទីនោះ។
ក្នុងករណីមួយចំនួន ឧកញ៉ាក៏ត្រូវបានបញ្ជូនទៅតុលាការទាក់ទងនឹងបញ្ហាដីធ្លីផងដែរ។ សកម្មភាពប្រឆាំងនឹងក្រុមអ្នកតវ៉ា បានគូសបញ្ជាក់ឱ្យឃើញថា អ្នកដែលស្ថិតនៅលំដាប់កំពូលៗតែងតែឈ្នះក្នុងជម្លោះ។ ស្របពេលដែលក្រុមអ្នកកាន់អំណាចរបស់ប្រទេសកម្ពុជាស្វែងរកការពង្រីកសេដ្ឋកិច្ច និងការប្រមូលផ្តុំទ្រព្យសម្បត្តិ ដីធ្លីបានក្លាយជារឿងដ៏សំខាន់ ក្នុងការធានា និងរក្សាអំណាច។ ម្តងហើយម្តងទៀត ពលរដ្ឋតែងតែចាញ់អ្នកមានអំណាចជានិច្ច។
បឹងតាមោក
ស្រ្តីជនជាតិដើមភាគតិចពូនងរងពាក្យបណ្តឹងដោយក្រុមហ៊ុនវិនិយោគឯកជន
ព្រៃមេត្តាក្លាយជាកន្លែងកងទ័ព
ជម្លោះស្ករអំពៅខេត្ដឧត្ដរមានជ័យ
សម្រាប់ព័ត៌មានបន្ថែមអំពីវិវាទដែលបានលើកឡើងទាំងនេះ សូមចូលទៅកាន់ផែនទីជម្លោះដីធ្លីរបស់យើង។