«ឧកញ៉ា» គឺជាគោរមងារដ៏គួរឱ្យចាប់អារម្មណ៍មួយនៅកម្ពុជា។ ទាក់ទងនឹងករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឆ្នាំ ២០២១ កន្លងទៅធ្លាប់បានលើកដោយលោកចង់ឱ្យ ក្រុម ការ ងាររដ្ឋាភិបាលមួយពិនិត្យមើលលើការផ្ដល់គោរមងារមួយនេះ ហើយធានាឱ្យបានថា គោរមងារនេះ ត្រូវ បានផ្ដល់ជូនដល់បុគ្គលដែលសាកសមនឹងទទួលបានពិតប្រាកដ។
គោរមងារ ជា «ឧកញ៉ា» ត្រូវបានផ្ដល់ជូនដល់បណ្ដាសប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ លើសពី ៥០ម៉ឺនដុល្លារ។ គោរមងារមួយនេះទៀតសោតក៏ត្រូវបានផ្ដល់ជូនដល់អ្នកជំនួញដ៏ លេចធ្លោ និងមានឥទ្ធិពលជាច្រើននៅក្នុងប្រទេស រួមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលវាក៏មានការជាប់ពាក់ព័ន្ធទៅនឹងការជួយឧបត្ថម្ភដល់រដ្ឋ និងនិទណ្ឌភាពស្របច្បាប់ផងដែរ។
ទោះជាយ៉ាងណា មហាសេដ្ឋីទាំងឡាយនៅកម្ពុជាដែលមានគោរមងារនេះជារើយៗតែងតែមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវក្នុងបណ្ដាញសារព័ត៌មានក្នុងករណីជាច្រើនក្រោមហេតុផលផ្សេងៗគ្នា។ ជាក់ស្ដែង ករណីពិធីការនីទូរទស្សន៍មួយរូប បានចោទប្រកាន់លោកឧកញ៉ាម្នាក់ក្នុងឆ្នាំ ២០២១ ពីបទប៉ុនប៉ងរំលោភលើរូបខ្លួន។ លោកឧកញ៉ាម្នាក់ទៀតក៏ត្រូវបានចោទប្រកាន់ពីបទពុករលួយក្នុងឆ្នាំ ២០២០ ក្នុងជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋចំនួន ២០០ នាក់ ខណៈគោរមងារមួយនេះក៏ត្រូវបានផ្តល់ជូនក្នុងឆ្នាំ ២០១៤ ដល់ស្ត្រីជំនួញម្នាក់ដែលបានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំយកដីរបស់សមាជិកជនជាតិដើមភាគតិចចារ៉ាយផងដែរ។
សម្រាប់ឧកញ៉ាដ៏មានឥទ្ធិពលមួយចំនួនទៀតដែលមានទំនាក់ទំនងស្និទ្ធនឹងរដ្ឋាភិបាលហើយបានប្រឈមមុខនឹងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សគឺកម្រនឹងប្រឈមមុខនឹងការចាត់វិធានការណាមួយណាស់បើទោះបីជាពួកគេមានការជាប់ពាក់ព័ន្ធនឹងការបណ្តេញចេញពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ការបង្ក្រាបគ្រឿងញៀន ឬ ពលកម្មដោយបង្ខំយ៉ាងណាក៏ដោយ។
បើទោះបីជាមានរឿងរ៉ាវមួយចំនួនជុំវិញគោរមងារនេះក៏ដោយ រាជកិច្ច (Gazetteer) របស់យើងបានរកឃើញថា ការផ្ដល់គោរមងារមួយនេះដល់បុគ្គលនានាគឺមិនមានការថយចុះនោះទេ។
យោងតាមរាជកិច្ច ក្នុងនោះមានការផ្ដល់គោរមងារជាឧកញ៉ាថ្មីចំនួន ៣៣ រូប គិតចាប់ពីថ្ងៃទី ១៦ ខែមិថុនា ដល់ថ្ងៃទី ២៧ ខែសីហាឆ្នាំមុន ជាកាលបរិច្ឆេទដែលក្រុមការងារ កំណត់ត្រា បានបញ្ចូលទិន្នន័យទៅក្នុងមូលដ្ឋានទិន្នន័យគិតរហូតមកដល់ពេលនេះ។ ស្របពេលដែលយើងបន្តចងក្រងសៀវភៅរាជកិច្ចកាន់តែច្រើន យើងរំពឹងថាការផ្ដល់គោរមងារមួយនេះនឹងមានកាន់តែច្រើនបន្ថែមទៀត។
បើទោះបីជាស្ថិតនៅក្នុងពេលវេលាចងក្រងទិន្នន័យដ៏ខ្លីមួយនេះ ប៉ុន្តែយើងសង្កេតឃើញថា យ៉ាងហោចណាស់មានការផ្ដល់គោរមងារជាឧកញ៉ាថ្មីចំនួន ៣ ត្រូវបានផ្ដល់ជូនជារៀងរាល់សប្តាហ៍។ ឯកសារនៅក្នុងរាជកិច្ចបង្ហាញថា បុគ្គលទាំងនោះភាគច្រើនគឺជាអ្នកដែលមានទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពល និងជាឥស្សរជនជួរមុខ។
លោកឧកញ៉ា សុខ គង់ ដែលកាលពីពេលថ្មីៗនេះត្រូវបានចោទប្រកាន់ទាក់ទងនឹងការអនុញ្ញាតឱ្យមានពលកម្មដោយបង្ខំនៅក្នុងបរិវេណអាគាររបស់ខ្លួន បច្ចុប្បន្ននេះមានសមាជិកគ្រួសារចំនួន ៤ នាក់ទៀតដែលមានគោរមងារ ជា «ឧកញ៉ា» ផងដែរ ខណៈពួកគេបច្ចុប្បន្នអាចចូលរួមធ្វើកិច្ចការងារជំនួញដ៏ឆ្នើមនានាបាន។
លោក ម៉ុង ចាន់ថន និងលោក ម៉ុង ចាន់ថុល ដែលជាកូនប្រុសរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏ទទួលបានគោរមងារ ជា «ឧកញ៉ា» នៅខែសីហា ឆ្នាំ២០២២ ផងដែរ។ អ្នកទាំងពីរត្រូវបានស្គាល់ថាជា នាយកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជានាយកនៅក្នុងក្រុមហ៊ុន M’s Pig ACMC ជាអាជីវកម្មកសិកម្មទាក់ទងនឹងការចិញ្ចឹមសត្វ។
សម្រាប់ឧកញ៉ាវ័យក្មេងមួយរូបទៀត លោក លី ភូនរ៉ាត់ គឺត្រូវបានស្គាល់ថាជាកូនប្រុសរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ ។ ក្នុងសកម្មភាពដំបូងរបស់ខ្លួនក្នុងនាមជាឧកញ៉ា លោក លី ភូនរ៉ាត់ បានបរិច្ចាគថវិកាចំនួន ១០ ម៉ឺនដុល្លារសម្រាប់ការសាងសង់អគារសិក្សាមួយកន្លែងនៅរាជធានីភ្នំពេញ។
លោក លី ភូនរ៉ាត់ ក៏ត្រូវបានស្គាល់ថា ជានាយកក្រុមហ៊ុនចំនួន ៦ ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយគ្រួសារលោក លី យ៉ុងផាត់ ហើយនឹងជាកូនប្រុសរបស់ប្រធានសមាគមឧកញ៉ាកម្ពុជាដំបូងផងដែរ។ សមាគមនេះត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកិត្តិយស។ សមាគមនេះត្រូវបានបង្កើតឡើងដើម្បី លើកកម្ពស់ឧត្តមភាពគោរមងារឧកញ៉ា ខណៈលោក ហ៊ុន សែន ប្រកាសថាសមាគមនេះគឺជាសមាគមឧកញ៉ាផ្លូវការតែមួយគត់នៅក្នុងប្រទេស។
សម្រាប់ការកត់ត្រារាជកិច្ចក្នុងគម្រោងរបស់យើងគឺនឹងបន្តតាមដានលំហូរនៃការផ្ដល់គោរមងារ ជា «ឧកញ៉ា» ថ្មី ជាពិសេសទាក់ទងនឹងការផ្ទេរអំណាចក្នុងចំណោមគ្រួសារឥស្សរជន។ គិតរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមការងារបានកត់ត្រាសៀវភៅរាជកិច្ចបានចំនួន ២៦ ចាប់ពីឆ្នាំ ២០២២ ហើយនឹងធ្វើបច្ចុប្បន្នភាពថ្មីៗបន្តទៀត៕
កាលបរិច្ឆេទ | កំណត់សម្គាល់បន្ថែម |
---|---|
២៧/០៨/២០២២ | ផ្តល់គោរមងារ សេង វិសាល ជាឧកញ៉ា។ |
២៧/០៨/២០២២ | ផ្តល់គោរមងារ ម៉ុង ចាន់ថន ជាឧកញ៉ា។ |
១៩/០៨/២០២២ | ផ្តល់គោរមងារ ឈិន សុង ជាឧកញ៉ា។ |
១៩/០៨/២០២២ | ផ្តល់គោរមងារ ចេង សង្ហាក់ ជាឧកញ៉ា។ |
២៥/០៨/២០២២ | ផ្តល់គោរមងារ គង់ សាង ជាឧកញ៉ា។ |
១៩/០៨/២០២២ | ផ្តល់គោរមងារ អ៊ឹម សុផាន់ណារិទ្ធ ជាឧកញ៉ា។ |
០២/០៨/២០២២ | ផ្តល់គោរមងារ សុខ យាក ជាឧកញ៉ា។ |
០២/០៨/២០២២ | ផ្តល់គោរមងារ សុខ ចន្ធូ ជាឧកញ៉ា។ |
០២/០៨/២០២២ | ផ្តល់គោរមងារ សុខ ចន្ធី ជាឧកញ៉ា។ |
០២/០៨/២០២២ | ផ្តល់គោរមងារ ណាំង សុភាត ជាឧកញ៉ា។ |
០២/០៨/២០២២ | ផ្តល់គោរមងារ សាយ សុភ័ត្រា ជាឧកញ៉ា។ |
០៩/០៨/២០២២ | ផ្តល់គោរមងារ ចាប លីមឃាង ជាឧកញ៉ា។ |
០២/០៨/២០២២ | ផ្តល់គោរមងារ សុខ ចន្ថា ជាឧកញ៉ា។ |
២៣/០៧/២០២២ | ផ្តល់គោរមងារ យឹម តាស្រង់ ជាឧកញ៉ា។ |
២៦/០៧/២០២២ | ផ្តល់គោរមងារ អ៊ីន កួត និង លី ភូនរ៉ាត់ ជាឧកញ៉ា។ |
២៦/០៧/២០២២ | ផ្តល់គោរមងារ ភូ សូវីដែន ជាឧកញ៉ា។ |
២៧/០៧/២០២២ | ផ្តល់គោរមងារ វិញ ជាង ជាឧកញ៉ា។ |
២២/០៧/២០២២ | ផ្តល់គោរមងារ ស៊ុន ប៊ុនហេង និង សូ សូផាន់នី ជាឧកញ៉ា។ |
២៣/០៧/២០២២ | ផ្តល់គោរមងារ ឌុច បុត្រនិតា ជាឧកញ៉ា។ |
១៥/០៧/២០២២ | ផ្តល់គោរមងារ ប្រាក់ សុជាតា ជាឧកញ៉ា។ |
១៥/០៧/២០២២ | ផ្តល់គោរមងារ គីម ចំរើន ជាឧកញ៉ា។ |
១៥/០៧/២០២២ | ផ្តល់គោរមងារ គីម ពៅ ជាឧកញ៉ា។ |
១៥/០៧/២០២២ | ផ្តល់គោរមងារ គីម ឡេង ជាឧកញ៉ា។ |
១៥/០៧/២០២២ | ផ្តល់គោរមងារ លី ហុង ជាឧកញ៉ា។ |
៣០/០៦/២០២២ | ផ្តល់គោរមងារ ជាម លីដូ ជាឧកញ៉ា។ |
៣០/០៦/២០២២ | ផ្តល់គោរមងារ យិន វែងអាន ជាឧកញ៉ា។ |
២០/០៦/២០២២ | ផ្តល់គោរមងារ លឹម ស្នេហ៍គំនិត ជាឧកញ៉ា។ |
២០/០៦/២០២២ | ផ្តល់គោរមងារ អ៊ន់ សុធា ជាឧកញ៉ា។ |
១៦/០៦/២០២២ | ផ្តល់គោរមងារ ខៀវ រិនហ៊ាង ជាឧកញ៉ា។ |
១៦/០៦/២០២២ | ផ្តល់គោរមងារ ហ៊ីង វាសនា ជាឧកញ៉ា។ |