សកម្មជនដីធ្លី នៅសហគមន៍ជីខក្រោម បានលើកឡើងថា អាជ្ញាធរបានរារាំងពួកគេក្នុងការជួបជុំដោយសន្តិវិធីរបស់សហគមន៍ ដោយយកលេសថា ពួកគេបានបង្កឱ្យមានភាពវឹកវរ និងអសន្តិសុខសង្គម ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម។
យោងតាមទំព័រហ្វេសបុកឈ្មោះ «សហគមន៍ជីខក្រោម ខេត្តកោះកុង» ចុះនៅថ្ងៃទី១៤ ខែឧសភា ដែលសហគមន៍នេះមានជាប់ទាក់ទងនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ដែលមានជាប់ទាក់ទងនឹងឧកញ៉ា លី យ៉ុងផាត់ ឱ្យដឹងថា អាជ្ញាធរប្រមាណ ៥០នាក់ បានបញ្ឈប់ការតវ៉ារបស់ប្រជាពលរដ្ឋ ហើយបានគំរាមសមាជិកសហគមន៍ម្នាក់ ឈ្មោះ ឈុន រ៉ាន់ ដោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្ដុំនៅផ្ទះរបស់គាត់បន្តទៀត។
ប្រភពដដែលបន្តថា អភិបាលរងស្រុកស្រែអំបិល លោក ហុង ប្រុស បានចុះទៅរារាំងការប្រជុំរបស់សហគមន៏៩៥៥/១៧៥ ដែលមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ ក្នុងគោលបំណងប្រជុំចែករំលែកការអនុវត្តចុះសម្ភាសន៍របស់អាជ្ញាធរដែលស្រាវជ្រាវ និងធ្វើអត្តសញ្ញាណកម្ម ដើម្បីផ្ដល់ដីសម្បទានសង្គមកិច្ចជូនសហគមន៏ក្រីក្រ ៩៥៥។
សហគមន៍នេះ បានធ្វើការតវ៉ាចុងក្រោយនៅក្រសួងរៀបចំដែនដី និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមីនា។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សហគមន៍។
បើតាមរបាយការណ៍ព័ត៌មានដដែលនោះ ជម្លោះនេះ បានកើតឡើងតាំងពីកំឡុងឆ្នាំ២០០៦ ខណៈសមាជិកសហគមន៍ បានអះអាងថា ពួកគេបានតាំងទីលំនៅនៅលើដីនេះរាប់ជំនាន់មកហើយ។ ឧកញ៉ា និងជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ មានដីសម្បទានចំនួន២ ដែលឆ្លងកាត់សហគមន៍ជីខក្រោម នៃខេត្តកោះកុង រួមមានក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេនថេសិន» ដែលមានដីត្រួតលើគ្នាជាមួយដីរបស់ប្រជាពលរដ្ឋប្រមាណ ១ ០០០គ្រួសារ។ ជម្លោះដីសម្បទាននេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះ តែងតែធ្វើការតវ៉ាជាមួយគ្រួសារច្រើនទៀតដែលមានជម្លោះជាមួយ លោក ហេង ហ៊ុយ ជាឧកញ៉ាមួយរូបទៀត ដែលទទួលបានដីសម្បទាននៅស្រុកស្រែអំបិល ខេត្តកោះកុងនេះដែរ៕