ពលរដ្ឋ​​នៅ​​តំបន់​​​​បឹង​​តា​មោក​តវ៉ា​​ក្រោយ​អាជ្ញាធរ​​​រុះរើ​​ស្ពាន​​​​មួយ​​​ដែល​​ពួកគេ​​​​ប្រើប្រាស់​​ជា​​ប្រចាំ​​​ក្នុង​​សហគមន៍​

ប្រជា​​ពលរដ្ឋ​ជាង​ ១៥០គ្រួសារ​ រស់នៅ​ជាប់​​បឹង​តា​មោក​ ក្នុង​ភូមិ​សំរោង​ត្បូង​ សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​​ បាន​នាំគ្នា​​តវ៉ា​ នៅ​​ដើមខែ​នេះ​ និង​បាន​អះអាង​​ថា​ ពួកគេ​​​ប្រឈម​ការ​​វាយ​​ដំ​ ខណៈ​​អាជ្ញាធរ​បាន​រុះរើ​ស្ពាន​មួយ​​ដែល​​ពលរដ្ឋ​ប្រើប្រាស់​សម្រាប់​​ចូល​ទៅ​​តំបន់​នេសាទ​ និង​រក​ខ្យង​។​ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ជា​ភាសាខ្មែរ​ (RFA Khmer) នៅ​ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២០២៣​។​

ប្រជា​​ពលរដ្ឋ​ប្រមាណ​ ២៥០គ្រួសារ​ រស់នៅ​ជាប់​​មាត់​​បឹង​តា​មោក​​ បាន​​សាង​​សង់​​​ស្ពាន​​​ឫស្សី​​ប្រវែង​ ៨០ម៉ែត្រ​ សម្រាប់​ងាយស្រួល​ឆ្លង​ទៅនេសាទ​ បន្ទាប់​​ពី​ក្រុមហ៊ុន​​​​​​អភិវឌ្ឍន៍​មួយចំនួន​​បាន​​ធ្វើ​របង​​ហ៊ុំ​ព័ទ្ធ​​នៅ​តំបន់​នោះ​ ដែល​​ធ្វើ​​ឱ្យ​​​មាន​​ការ​​លំបាក​​ក្នុង​​ការ​​ចូល​​ទៅ​​កាន់​​តំបន់​នេសាទ​។​

ប្រជាពលរដ្ឋ​រស់នៅ​ជាប់​បឹង​តា​មោក​ ​បាន​​លើក​​ឡើង​(ប្រាប់​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​)​​ថា​​ អាជ្ញាធរ​បាន​ធ្វើជា​តំណាង​ក្រុមហ៊ុន​ឯកជន​​ ចុះទៅ​​វាយ​​កម្ទេច​​ស្ពាន​ និង​រារាំង​ប្រជាពលរដ្ឋ​ដែល​​ចូល​ទៅ​អន្តរា​គម​ន៏​ពលរដ្ឋ​ម្នាក់​​ឈ្មោះ​ សឿន​ ស្រី​សុត​ ដែល​​​ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​រូប​នាង​​ត្រូវ​ដៃ​និង​ជើង​។​ ប្រភព​ដដែល​ឱ្យ​ដឹង​ថា​ ស្រ្តី​សរុប​ចំនួន​ ១០នាក់​ បាន​​រង​របួស​​​ ក្នុង​ហេតុការណ៍​​រុញ​ដោយ​ហិង្សា​នោះ​។​ 

​ការ​តវ៉ា​នេះ​ គឺជា​ការ​ប៉ះទង្គិច​គ្នា​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ រវាង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​​ដែល​នៅ​សេសសល់​​ ហើយ​​បាន​រស់នៅ​លើ​បឹង​​អស់​ជាច្រើន​ទសវត្សរ៍​​មក​ហើយ​។​ ពលរដ្ឋ​ទាំងនោះ​​បាន​បដិសេធ​មិនព្រម​ចុះចាញ់​នឹង​ការ​ជម្លៀស​ដែល​ជិត​មកដល់​ បើ​ទោះបីជា​គ្រួសារ​រាប់​រយ​ផ្សេងទៀត​ ត្រូវ​បាន​បង្ខំ​ឱ្យ​ចេញពីផ្ទះ​ក៏ដោយ​។​​

បឹង​តា​មោក​ ដែល​​​​គេ​ស្គាល់​ថា​​ជា​​​បឹង​​​ចុង​​ក្រោយ​​នៅ​រាជធានី​ភ្នំពេញ​ ខណៈ​​​​តំបន់​​ផ្សេង​​ទៀត​​ ត្រូវ​​បាន​​ចាក់​​លុប​​ ឬ​ពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​នោះ​ ត្រូវ​បាន​ចាក់​ដី​​លុប​​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​​​កម្មសិទ្ធិ​ឯក​ជ​​ន​​ក្នុង​​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ជាមួយនឹង​​សម្បទាន​​ផ្តល់​អំណោយផល​ដល់​ពាណិជ្ជករ​ដែល​មាន​ទំនាក់ទំនង​ល្អ​ និង​រដ្ឋាភិបាល​ ។​

ប្រជាពលរដ្ឋ​ចំនួន៩នាក់​ រួម​ទាំង​អ្នកស្រី​ ស្រី​សុត​ ​ត្រូវ​​បាន​​ដាក់​​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​កាលពីដើម​ឆ្នាំនេះ​ ហើយ​​ប្រឈមមុខនឹង​ការចោទប្រកាន់​ពី​បទ​ “អំពើ​ហិង្សា​ដោយ​​ចេតនា​ និង​ការរារាំង​មន្ត្រី​សាធារណៈ​” ដែល​ក្រុម​អ្នកតស៊ូ​មតិ​ និយាយ​ថា​ ការចោទប្រកាន់​​នេះ​ មានហេតុ​ផល​នយោបាយ​ដើម្បី​លុបបំបាត់​ការ​តវ៉ា​។​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​