ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ចំនួន ០៥ទីតាំង សរុបទំហំ ៣៦១.០៣៩ ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់ពន្សាំង និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរដ្ឋាភិបាលកាត់ទៅឱ្យបុគ្គលឯកជនធ្វើជាកម្មសិទ្ធិស្របច្បាប់។
យោងតាម អនុក្រឹត្យលេខ ២៣៧ អនក្រ.បក ចុះថ្ងែទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពី ការកែសម្រួលផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ (រាជកិច្ចលេខ៦៧ ទំព័រ ៨២០១) និងបានចេញផ្សាយនៅលើគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីចំនួន ០៣ទីតាំង សរុបទំហំ ៣០៣.៧១៦ ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុប្រយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយបានធ្វើប្រទានកម្មដីនោះទៅជាកម្មសិទ្ធិរបស់បុគ្គលឯកជនចំនួន ៤រូប រួមមាន លោក ស្រេង ធឿន លោក យ៉ែម ច័ន្ទរស្មី អ្នកស្រី ទ្រៀង ស៊ីនួន និងអ្នកស្រី ភួង សុម៉ី ។
លោក ស្រេង ធឿន លោក យ៉ែម ច័ន្ទរស្មី អ្នកស្រី ទ្រៀង ស៊ីនួន និងអ្នកស្រី ភួង សុម៉ី
លោក សាយ សារឹម និងអ្នកស្រី ព្រុំ ស្រីរ៉ូត
- សកម្មភាព: ទទួលបានដី
- កាលបរិច្ឆេទៈ ថ្ងៃទី២១ ខែរិច្ឆិកា ឆ្នាំ២០២២
- សញ្ជាតិៈ ខ្មែរ
- ប្រភេទឯកសារៈ អនុក្រឹត្យ
ក្នុងថ្ងៃតែមួយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្រេចកាត់ផ្ទៃដីចំនួន ០២ទីតាំងទៀត សរុបទំហំ ៥៧.៣២៣ ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុប្រយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយបានធ្វើប្រទានកម្មដីនោះទៅជាកម្មសិទ្ធិរបស់បុគ្គលឯកជនចំនួន ២រូបទៀត រួមមាន លោក សាយ សារឹម និងអ្នកស្រី ព្រុំ ស្រីរ៉ូត។ នេះបើតាមអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងែទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពី ការកែសម្រួលផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ (រាជកិច្ចលេខ៦៧ ទំព័រ ៨២០៨) ។
យោងតាមគេហទំព័រ ខ្មែរឯករាជ្យ ចុះផ្សាយកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹងថា ក្រោយការផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ចុះថ្ងែទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពី ការកែសម្រួលផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋជិត ១០០គ្រួសារ ដែលអះអាងថាជាម្ចាស់ដីស្រែចំការ ក្នុងភូមិចំនួន៧ នៃសង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ា ដោយថា ដីដែលរដ្ឋាភិបាលបានកាត់ទៅឱ្យបុគ្គលទាំង៤រូបខាងលើនោះ (លោក ស្រេង ធឿន លោកយ៉ែម ច័ន្ទរស្មី អ្នកស្រី ទ្រៀង ស៊ីនួន និងអ្នកស្រី ភួង សុម៉ី) ជាដីរបស់ពួកគេដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែង តាំងពីយូរឆ្នាំមកហើយ។
ក្នុងការតវ៉ានោះ ក្រុមប្រជាពលរដ្ឋ បានស្នើដល់អាជ្ញាធររាជធានីភ្នំពេញ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រកដំណោះស្រាយជូនពួកគេ ប៉ុន្តែនៅពុំទាន់មានការឆ្លើយតបនៅឡើយ៕