សកម្មជនដីធ្លីប្រមាណ ១ ០០០នាក់ ដែលមានជម្លោះរ៉ាំរ៉ៃជាច្រើនកន្លែង បានដាក់ញត្តិទៅអាជ្ញាធរជុំវិញជម្លោះរបស់ពួកគេ នៅក្នុងខែមីនា ក្នុងនោះ មានករណីខ្លះប្រឈមនឹងការរារាំង ការឃ្លាំមើល និងការជ្រៀតជ្រែកពីអាជ្ញាធរ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សកម្ពុជា «លីកាដូ» ។
ចាប់ពីថ្ងៃទី២៧ ខែមីនា មនុស្សប្រហែល ១៥០នាក់ តំណាងឱ្យ ១០ ០០០គ្រួសារ ដែលមកពីឃុំចំនួន៧ នៅក្នុង និងជុំវិញតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប បានប្រមូលផ្តុំគ្នានៅក្រសួងមួយចំនួន ក្នុងរាជធានីភ្នំពេញ មុនពេលព្យាយាមដាក់ញត្តិនៅការិយាល័យរបស់អង្គការយូណេស្កូ។ លើសពីនេះ ញត្តិរបស់ពលរដ្ឋ បានទាមទារសំណងសម្រាប់ការបណ្តេញចេញ និងការការពារសម្រាប់អ្នកដែលនៅតែរស់នៅក្នុងតំបន់បេតិកភណ្ឌ ដែលមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ដែលគ្មានសម្ភារៈបរិក្ខារចាប់ពីខែកញ្ញា ឆ្នាំ២០២២។
អ្នកដាក់ញត្តិបានប្រាប់អង្គការលីកាដូថា ពួកគេមិនអាចបញ្ចូនឯកសារនេះ ទៅការិយាល័យអង្គការយូណេស្កូបានទេ បន្ទាប់ពីត្រូវបានប្រាប់ថា យូណេស្កូ មិនដោះស្រាយជម្លោះដីធ្លី ដែលជាចរិតលក្ខណៈដែលយូណេស្កូមិនយល់ស្របនៅពេលក្រោយ។ តួនាទីរបស់ស្ថាប័នអន្តរជាតិ ជុំវិញការបណ្តេញចេញក្នុងទ្រង់ទ្រាយធំនេះ នៅតែមានភាពមិនច្បាស់លាស់ ដោយសាររដ្ឋាភិបាលកម្ពុជា បានអះអាងម្តងហើយម្តងទៀតថា ការបណ្តេញចេញ គឺចាំបាច់ដើម្បីការពារតំបន់បេតិកភណ្ឌពិភពលោក ប៉ុន្តែអង្គការយូណេស្កូបានអះអាងថា ខ្លួនមិនដែលស្នើសុំឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនឡើយ។
២ថ្ងៃក្រោយមក មានការតវ៉ាដាច់ដោយឡែកមួយទៀត ក្នុងនោះប្រជាពលរដ្ឋជាង ១ ០០០នាក់ ដែលមកពីខេត្តកំពង់ស្ពឺ កោះកុង និងព្រះវិហារ បានដាក់ញត្តិទៅក្រសួងជាច្រើនក្នុងរាជធានីភ្នំពេញ ជុំវិញជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករស ដែលមានទំនាក់ទំនងជាមួយ លោក លី យ៉ុងផាត់ និង លោក ហេង ហ៊ុយ។ អង្គការលីកាដូ បានឱ្យដឹងថា ប៉ូលីស និងអាជ្ញាធរ បានរារាំងម្តងហើយម្តងទៀត ដោយឃាត់អ្នកស្រុកមិនឱ្យធ្វើដំណើរមករាជធានីភ្នំពេញ ហើយក្នុងករណីខ្លះអាជ្ញាធរបានទាមទារឈ្មោះ និងអត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋផងដែរ។ ប្រភពដដែល បន្តថា ពលរដ្ឋមកពីកំពង់ស្ពឺ ត្រូវបង្ខំចិត្តធ្វើដំណើរថ្មើរជើងជាង ១០គីឡូម៉ែត្រ ខណៈប្រជាពលរដ្ឋមកពីខេត្តកោះកុង ក៏បានដើរជាច្រើនម៉ោងនៅព្រឹកព្រលឹម។
ប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករសរបស់លោក លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានដាក់ញត្តិយ៉ាងតិច ៥ដង និងតវ៉ាយ៉ាងតិច ៦ដង ចាប់តាំងពីឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍ដែលបានតាមដាននៅក្នុងទិន្នន័យនេះ។ ពលរដ្ឋបាននិយាយថា ក្នុងការប្រមូលផ្តុំទាំង២លើកនេះ ក៏មានវត្តមានរបស់អាជ្ញាធរកម្លាំងសន្តិសុខ និងប៉ូលិសជាច្រើននាក់ផងដែរ៕